(វ៉ាស៊ីនតោន)៖ ក្នុងអំឡុងពេល​ពេញមួយឆ្នាំ២០១៧​កន្លងទៅនេះ របាយការណ៍​បានបង្ហាញ​ឲ្យដឹងថា មនុស្ស​សរុបចំនួន ១៥,៤៨៨​​នាក់ ត្រូវបានគេ​បាញ់សម្លាប់ នៅក្នុងទឹកដី​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។

យោងតាមរបាយការណ៍​ចុងក្រោយបំផុត ដែលទើបចេញផ្សាយ​ដោយវែបសាយ​អង្កេតការណ៍ Gun Violence Archive ប្រទេស​មហា​អំណាចពិភពលោក​មួយនេះ បានជួបប្រទះ​ហេតុការណ៍​បាញ់ប្រហារគ្នា​ចំនួន ៦១,០៨៩ករណី ដែលក្នុងនោះ​មាន​មនុស្ស​​ចំនួន ១៥,៤៨៨នាក់ បានបាត់បង់ជីវិត ខណៈ ​៣១,០៥៨នាក់ ផ្សេងទៀតបានរងរបួស នាឆ្នាំ​ទៅមិញ។ ក្នុង​ចំណោម​​អ្នក​ស្លាប់​ និង​របួស មានកុមារចំនួន ៧២៧នាក់ ដែលមាន​វ័យស្ថិត​ក្រោម ១១ឆ្នាំ និងជាង ៣,២០០នាក់​​​​ គឺ​ជាយុវវ័យ​មានអាយុចន្លោះ​ពី​ ១២ឆ្នាំ ​ដល់​១៧​ឆ្នាំ។

គួររំលឹកថា ករណីបាញ់ប្រហារ​ដ៏មហាប្រល័យបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត​អាមេរិកសម័យទំនើប បានកើតមានឡើង នៅឯទីក្រុង​ Las Vegas នៃរដ្ឋ Nevada ភាគខាងលិចអាមេរិក កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧។ ហេតុការណ៍​ដ៏រន្ធត់នោះ បានបណ្តាល​​ឲ្យមនុស្សយ៉ាងតិច ៥៨នាក់ស្លាប់ និងរាប់រយនាក់រងរបួស ក្រោយពីបុរសម្នាក់​ជាខ្មាន់កាំភ្លើង បានធ្វើសកម្មភាព​បាញ់រះយ៉ាង​​កម្រោលទៅលើហ្វូង​មនុស្សជាង ២,០០០នាក់ ដែលទៅចូលរួមព្រឹត្តិការណ៍​ប្រគុំតន្រ្តី​ដ៏ធំមួយ៕