(សេអ៊ូល)៖ គណបក្សកាន់​អំណាចរបស់កូរ៉េខាងត្បូង របស់លោកប្រធានាធិបតី មូន ជែអ៊ីន បាន​សំឡឹងមើលឃើញ​ការថ្លែងសុន្ទរកថា​ស្វាគមន៍ឆ្នាំថ្មី ពីសំណាក់មេដឹកនាំ​​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺជាភាពវិជ្ជមានមួយ បន្ទាប់ពីទីក្រុង​ព្យុងយ៉ាងបានអះអាងនាឱកាសនោះថា ខ្លួនមានឆន្ទៈ​បើក​កិច្ចពិភាក្សា​​ជា​មួយកូរ៉េខាងត្បូង ជុំវិញការចូលរួម​របស់​កូរ៉េខាងជើង ក្នុងការប្រកួត​កីឡាអូឡាំពិក​​រដូររងារ ឆ្នាំ២០១៨។ នេះបើតាម​ការចេញ​​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​​ថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េខាងត្បូង ដែលកំពុងកាន់​​អំណាច​​បានអះអាងថា លោក គីម ជុងអ៊ុន បានលើកឡើង​​អំពីភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះ​​រៀបចំកីឡា​​អូឡាំពិក ក្នុងទីក្រុង PyeongChang របស់​​កូរ៉េខាងត្បូង ហើយក្នុងនោះ​កូរ៉េខាងជើងក៏ចង់ឲ្យ​មានការសម្រួល​ក្នុងការបញ្ជូនអត្តពលិក​របស់ខ្លួន មកកាន់​កូរ៉េខាងត្បូង ដើម្បីចូលរួមការ​ប្រកួតផងដែរ។ អ្នកនាំពាក្យ​ខាងលើនេះ​បានចាត់ទុកថា ការលើកឡើង​របស់មេដឹកនាំ​កូរ៉េខាងជើង គឺជាភាពវិជ្ជមាន ហើយ​កូរ៉េខាងត្បូង​ស្វាគមន៍សម្រាប់កិច្ច​ពិភាក្សាគ្នា​ថ្នាក់រដ្ឋមន្ត្រី ដែលនឹងអាច​នាំឲ្យទំនាក់ទំនងអន្តរកូរ៉េ ប្រសើរឡើង​បន្តិចវិញ។

គួរបញ្ជាក់ថា លោក គីម បានចេញសេចក្តីថ្លែងការណ៍​ស្វាគមន៍ ដូចគេ​ឯងនៅលើ​​សកល​លោកផងដែរ ចំពោះឆ្នាំសកល ២០១៨ ប៉ុន្តែក្នុងនោះអ្វីដែល​គ្រប់គ្នាគិតថា ជាចំណុចវិជ្ជមាន​ថ្មីបំផុត គឺមេដឹកនាំវ័យ​ក្មេងរូបនេះ បានបង្ហាញឆន្ទៈ​ក្នុងការបើកកិច្ចពិភាក្សា​ ជាមួយកូរ៉េខាងត្បូង​​​ទៅលើការ​ប្រកួតកីឡាអូឡាំពិក​​​រដូវ​រងារ ដែលនឹងប្រារព្ធធ្វើឡើង​​​នៅកូរ៉េខាងត្បូង ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយដែល​កូរ៉េខាងជើង​ ​ក៏ទទួលបានសំបុត្រ​អញ្ជើញ​ក្នុងការចូលរួម​​ផងដែរនោះ៕