(ប៉ាឡេស្ទីន)៖ ទីបំផុតអាជ្ញាធរជាតិ​ប៉ាឡេស្ទីន (PNA) បានសម្រេចចិត្ត​កោះហៅអគ្គរដ្ឋទូត​របស់ខ្លួន ប្រចាំនៅ​សហរដ្ឋអាមេរិក ឲ្យត្រឡប់មកកាន់ទឹកដី​ប៉ាឡេស្ទីនវិញហើយ បន្ទាប់ពីទីក្រុង​វ៉ាស៊ីនតោន​​ប្រកាសទទួលស្គាល់​ហ្សេរុយសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។

ការកោះហៅ​ខាងលើនេះ គឺត្រូវបានធ្វើឡើង​នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយមិនឆ្លងចូលឆ្នាំថ្មី​នោះ​ឡើយ ហើយវាគឺជាការ​សម្រេចចិត្តមួយ ដែលត្រូវបាន​ប្រកាសចេញ​ដោយលោក Riad Maliki រដ្ឋមន្ត្រីការបរទេស​ប៉ាឡេស្ទីន ហើយអគ្គរដ្ឋទូត លោក Hossam Zomlot ជាតំណាងរបស់ខ្លួនប្រចាំនៅអាមេរិក នឹងត្រឡប់មកមាតុភូមិវិញ​ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា ប៉ាឡេស្ទីនចង់​បានទីក្រុងហ្សេរុយសាឡឹម​ខាងកើត ធ្វើជារដ្ឋធានីរបស់​ខ្លួន​នៅ​ថ្ងៃអនាគត (ប្រសិនបើ UN ផ្តល់សិទ្ធិជា​ប្រទេសពេញលេញ) ខណៈដែល​អ៊ីស្រាអែលបាន​ទន្ទ្រានគ្រប់គ្រងតំបន់នេះ តាំងតែ​ពីឆ្នាំ១៩៦៧ មកម្ល៉េះ ប៉ុន្តែអ៊ីស្រាអែល​​មិនចង់ធ្វើការបែងចែក​ទឹកដី តាមប៉ាឡេស្ទីនចង់​បាននោះ​ឡើយ ដោយ​ខ្លួនចង់ឲ្យ​ទីក្រុងហ្សេរុយសាឡឹម​ទាំងមូលតែម្តង ធ្វើជារដ្ឋធានី​ពេញសិទ្ធិដូចដែល ត្រាំ បានទទួល​ស្គាល់នោះ​ឯង៕