(តូក្យូ)៖ ក្រៅពីការចង់​ពិភាក្សាគ្នាជាមួយកូរ៉េខាងត្បូង ជុំវិញការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៨ នៅទឹកដី​កូរ៉េខាងត្បូងនោះ ប្រទេសកូរ៉េខាងជើង ដែលមានប្រមុខដឹកនាំ​កំពូលផុត​លេខ គឺលោក គីម ជុងអ៊ុន ថែមទាំងបាន​អំពាវនាវឲ្យ ក្រុមជំនាញទាំងអស់ក្នុង​ប្រទេសរបស់លោក បង្កើនការផលិត​អាវុធនុយក្លេអ៊ែរ ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។

លោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មាន​កូរ៉េខាងត្បូងមួយ ដកស្រង់សម្តី​យ៉ាងដូច្នេះថា «វាអាចទៅរួច ដែលយើងត្រូវធ្វើ​ការផលិតក្បាលគ្រាប់​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដើម្បីធ្វើការ​ដាក់ពង្រាយជា​លក្ខណៈទ្រង់ទ្រាយធំ។ កូរ៉េខាងជើង​អាចទប់ទល់នឹងការ​វាយប្រហារដោយ​នុយក្លេអ៊ែរគ្រប់ទម្រង់​ពីសហរដ្ឋអាមេរិក ហើយសមត្ថភាពនុយ​ក្លេអ៊ែររបស់យើង គឺឥតដែន​កំណត់ឡើង ដែលអាចការពារប្រទេសយើង កុំឲ្យអាមេរិកមក​ប្រឡែងលេងនឹង​ដុំភ្លើង»

គួរបញ្ជាក់ថា នៅមុនការលើកឡើងអំពីការបង្កើតផលិតកម្ម នៃអាវុធនុយក្លេអ៊ែរនេះ លោក គីម ក៏បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ដូចគេ​ឯងនៅលើ​​សកលលោកផងដែរ ប៉ុន្តែក្នុងនោះអ្វីដែល​គ្រប់គ្នាគិតថា ជាចំណុចវិជ្ជមានថ្មីបំផុត គឺមេដឹកនាំវ័យក្មេងរូបនេះ បានបង្ហាញឆន្ទៈ​ក្នុងការបើកកិច្ចពិភាក្សា​ ជាមួយកូរ៉េខាងត្បូង​​ទៅលើការ​ប្រកួតកីឡាអូឡាំពិក​​​រដូវ​រងារ ដែលនឹងប្រារព្ធធ្វើឡើង​​​នៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨នេះ ហើយដែល​កូរ៉េខាងជើង​ ​ក៏ទទួលបានសំបុត្រ​អញ្ជើញ​ក្នុងការចូលរួម​​ផងដែរនោះ៕