(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់សមភាគីស៊ីរី លោក បាស្សា អាល់អាសាដ នៅក្នុងសារស្វាគមន៍ឆ្នាំថ្មីថារុស្ស៊ីនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលស៊ីរីក្នុងការពារដែនអធិបតេយ្យភាពរបស់ខ្លួន។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ វិមានក្រឹមឡាំងលើកឡើងដូច្នេះថា៖«លោកប្រធានាធិបតីពូទីន បានសង្កត់ធ្ងន់ថារុស្ស៊ីនឹងបន្តផ្ដល់ជំនួយដល់ ប្រទេសស៊ីរី ក្នុងកិច្ចការពារដែនអធិបតេយ្យភាព ការឯកភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាជួយលើកកម្ពស់ការផ្សះផ្សានយោបាយ រួមទាំងកិច្ចខិតខំប្រឹងប្រែងស្ដារ ឡើងវិញនូវសេដ្ឋកិច្ចជាតិ»។ កាលពីដើមខែធ្នូ លោក ពូទីន បានបញ្ជាឱ្យដកកងទ័ពរុស្ស៊ីមួយផ្នែកធំពីស៊ីរី ប៉ុន្តែថារុស្ស៊ីនឹងរក្សាទុកមូលដ្ឋានយោធា Hmeymim​ របស់ខ្លួន ក្នុងខេត្ត Latakia និងមូលដ្ឋានកងទ័ពជើងទឹកនៅឯទីក្រុង Tartous ជាមូលដ្ឋានអចិន្ត្រៃយ៍។

គួររំលឹកថា រុស្ស៊ីបានចាប់ផ្ដើមបើកយុទ្ធនាការវាយប្រហារផ្លូវអាកាសជាលើកដំបូងក្នុងប្រទេសស៊ីរីកាលពីខែកញ្ញា ឆ្នាំ២០១៥ ដោយបានជួយឱ្យរបបដឹកនាំស៊ីរី វាយដណ្ដើមបានមកវិញនូវទឹកដីមួយផ្នែកធំពីក្រុម ISIS និងក្រុមឧទ្ទាមស៊ីរីដែលមានសហរដ្ឋអាមេរិនៅពីក្រោយខ្នង។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងថាវាយប្រហារតាមផ្លូវអាកាសរបស់យោធារុស្ស៊ីបានផ្ដាច់យកអាយុជនស៊ីវិស្លូតត្រង់រាប់រយនាក់៕