(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) បានចេញមុខ​ទាត់ចោល ការចោទប្រកាន់​ដែលថា ខ្លួនបានផ្តល់​ការបង្វឹក​បង្ហាត់ដល់ក្រុមសកម្ម​ប្រយុទ្ធ ISIS នៅក្នុងមូលដ្ឋានទ័ព​ចំនួន ០២ នៅឯប្រទេសស៊ីរីនោះ​ថា ជារឿងមិន​សមហេតុសម​ផលទាល់​តែសោះ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។

ការចេញមុខបកស្រាយ​របស់ក្រសួងការពារជាតិ​អាមេរិក ត្រូវបាន​ធ្វើឡើង ដើម្បីឆ្លើយ​តបចំពោះ ការចោទប្រកាន់​ពីមេបញ្ជាការ​យោធា​មួយរូប របស់​ប្រទេសរុស្ស៊ី។ ប្រធាន​សេនាធិការរុស្ស៊ី លោក វ៉ាឡឺរី ហ្គែរ៉ាស៊ីម៉ូវ (Valery Gerasimov) បានលើក​ឡើង​នាសប្តាហ៍​នេះ គ្រូយោធា​​របស់អាមេរិក បាននិងកំពុងតែ​បង្វឹកក្រុម​សកម្មប្រយុទ្ធ ISIS នៅឯមូលដ្ឋាន​ទ័ព ០២កន្លែង ដែលកង​កម្លាំង​ពិសេស​អាមេរិក ធ្វើ​ប្រ​តិបត្តិការ ដើម្បី​បង្កើនកម្លាំងក្រុមឧទ្ទាម។

ជុំវិញការចោទ​ប្រកាន់នេះ មន្ទីរ​បញ្ចកោណ​បានឆ្លើយ​តបថា «ការដែលថា សហរដ្ឋអាមេរិក​គាំទ្រដល់ ISIS នោះ គឺមិនមែន​ជាការ​ពិតនោះឡើយ ហើយមិន​សមហេតុផល​ទាល់តែ​សោះ។ យើងពុំបាន​បំពាក់បំប៉ន​ក្រុម ISIS នោះទេ។ ពួកយើងធ្វើ​ការជាមួយដៃគូ​​របស់យើង ដើម្បីសម្លាប់ ឬចាប់ខ្លួន ISIS។

គួរជម្រាបថា បើតាមការអះអាង​របស់ លោក Gerasimov ក្រោយពី​ទទួលបានការហ្វឹកហាត់​ពី​អាមេរិក អតីតក្រុម​ភេរវករ ISIS នឹង​ក្លាយជា​សមាជិកនៃ​ក្រុមឧទ្ទាម New Syrian Army ដែលមាន​តួនាទីបង្កអស្ថិរភាព​នៅក្នុង​ប្រទេសស៊ីរី។ ម៉្យាង​វិញទៀត បើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ស៊ីរី SANA គេបានប្រទះ​ឃើញឧទ្ធម្ភាគចក្រ​អាមេរិក ធ្វើការជម្លៀស​ខ្លួនថ្នាក់​ដឹកនាំ ISIS ពី​តំបន់មួយ​ចំនួន នៅក្នុង​ខេត្ត Deir ez-Zor នៃប្រទេស​ស៊ីរី ទៅកាន់ទីសុវត្ថិភាព​ក្នុងខេត្ត Hasakah ដែលភាគ​ច្រើនស្ថិត​ក្រោមការ​គ្រប់គ្រង​របស់កងទ័ព​អាមេរិក និងកងកម្លាំង​ឃើដ​ផងដែរ៕