(សេអ៊ូល)៖ ឆ្លើយតបទៅនឹងការ​វិភាគនានាកន្លង​មកថា កូរ៉េខាងជើងនឹង​អាចងាកមកអង្គុយតុចរចា​ជាមួយ​សហរដ្ឋអាមេរិក ឬមួយក៏ចុះចាញ់​ចំពោះទណ្ឌកម្មដ៏ធ្ងន់ធ្ងរ​ពីអន្តរជាតិនោះ ប្រទេស​​កុម្មុយនិស្ត​មួយនេះ បានចេញមុខបកស្រាយបំភ្លឺ​ហើយ ដោយទីក្រុង​ព្យុងយ៉ាង​អះអាងថា គោល​នយោបាយ​នុយក្លេអ៊ែរ​ឆ្នាំ២០១៨ គឺមិនមាន​ការផ្លាស់ប្តូរ​នោះឡើយ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ នាព្រឹក​ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ត្រូវបានកូរ៉េខាងត្បូងដកស្រង់នៅថ្ងៃសៅរ៍​​នេះថា «ប្រទេស​កូរ៉េខាងជើង នឹងមិនមានការ​ផ្លាស់ប្តូរអ្វីឡើយ ចំពោះគោល​នយោបាយ​​ជាយុទ្ធសាស្ត្រ​លើកម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន។ គ្មានកម្លាំងណាមួយ​អាចយកឈ្នះលើ​ឯករាជ្យភាព និងយុត្តិធម៌បាន​នោះឡើយ។ អំណាច​របស់យើង ជាអំណាច​ដែលមិនចេះចប់ ហើយក៏មិនអាច​ត្រូវធ្វើឲ្យ​ខូចខាត ឬលុបចោល​នោះដែរ»

គួរបញ្ជាក់​ផងដែរថា ក្រៅពីការអះអាង​ច្បាស់ៗខាងលើនេះ កូរ៉េខាងជើង​នៅបានលើកឡើង​បន្ថែមទៀតអំពី​ភាពជោគជ័យ នៃការអភិវឌ្ឍ​អាវុធថ្មីៗ ដែលរួមមានទាំង​មីស៊ីលផ្លោងឆ្លងទ្វីប ដែលអាចបាញ់​ដល់ទឹកដី​សហរដ្ឋអាមេរិកផងដែរ៕