(ហួស្តុន)៖ ប៉ូលិសទីក្រុងហួស្តុន នៃរដ្ឋតិចសាស់ ភាគខាងត្បូង​សហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្សចំនួន ០៣នាក់ ក្នុងនោះសរុប​ទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ បានស្លាប់​បាត់បង់ជីវិត នៅក្នុងករណី​​បាញ់ប្រហារ ដែលបានកើត​មានឡើងនៅ​ល្ងាចថ្ងៃសុក្រ (ម៉ោងនៅទីក្រុងហួស្តុន)។ នេះបើតាម​ការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។

ជំនួយការនៃ​មេបញ្ជាការប៉ូលិស​ទីក្រុងហួស្តុន លោក Troy Finner បានប្រាប់អ្នករាយការណ៍​ព័ត៌មាននានាថា «ខ្មាន់កាំភ្លើង ដែលជាអតីតជាងជួសជុល​នៅក្នុងហាងមួយ បានបាញ់បុគ្គលិកនៅ​ក្នុងហាងនោះ​ចំនួនពីរនាក់​ស្លាប់ កាលពី​វេលាម៉ោង ៤៖០០នាទីល្ងាច​ថ្ងៃសុក្រ ហើយប​ន្ទាប់​មក​រូបគេក៏បានចេញមកក្រៅហាង ហើយបាញ់សម្លាប់ខ្លួន​ឯងតែម្តង»

គួរបញ្ជាក់ថា សាក្សីនៅកន្លែង​កើតហេតុ បានឃើញ​មនុស្សប្រមាណ ០៤នាក់ ស្ថិតនៅ​ក្នុងហាង​នៅពេលហេតុការណ៍​ផ្ទុះឡើយ។ ប៉ូលិសបាន​ទាក់ទងទៅកាន់ក្រុមគ្រួសារ​ខ្មាន់កាំភ្លើងរួចហើយ ប៉ុន្តែមិនបាន​បញ្ជាក់ភេទ នៃខ្មាន់កាំភ្លើងរូបនោះឡើយ។ ដោយឡែក​មូលហេតុដែល​​បង្កការបាញ់​ប្រហារនេះ គឺមិនទាន់មាន​ការបញ្ជាក់​នោះឡើយ៕