(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការ​ខកចិត្តជាខ្លាំង​ចំពោះចិន ក្រោយមាន​សេចក្ដីរាយការណ៍​ថា ទីក្រុង​ប៉េកាំង​បានបើកដៃ​ឱ្យមាន​ការដឹកជញ្ជូន​ប្រេង ទៅកាន់កូរ៉េខាងជើង រំលោភលើ​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​អន្តរជាតិ។ ប៉ុន្តែទន្ទឹមគ្នាទីក្រុង​ប៉េកាំង បានបដិសេធរាល់ការចោទប្រកាន់​ហើយថា គ្មានទេ ការដឹកជញ្ជូន​ប្រេងខុសច្បាប់​លក់​ឱ្យ​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងលើ​នៅលើ Twitter កាលពី​ថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បាននិយាយ​ចំៗថា ចិនត្រូវបាន​គេចាប់បានថា អនុញ្ញាតឱ្យមាន​ការដឹកជញ្ជូនប្រេង​ទៅកាន់ កូរ៉េខាងជើង ដែលនេះ​គឺជាទង្វើរារាំង​ដល់ដំណោះស្រាយ​ប្រកបដោយមិត្តភាព ពាក់ព័ន្ធនឹង​វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង... ខ្ញុំទន់ភ្លន់​ចំពោះចិនព្រោះ​ហេតុផលតែមួយគត់ សំខាន់សម្រាប់​ខ្ញុំជាងពាណិជ្ជកម្ម​នោះ គឺសង្រ្គាម។
តែយ៉ាង​ណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការ​បរទេសចិន លោកស្រី Hua Chunying បានអះអាង​ថា ការចោទ​ប្រកាន់ថា កប៉ាល់ចិនមួយគ្រឿង​ដឹកប្រេងលក់​ឱ្យកូរ៉េខាងជើង កាលពី​ថ្ងៃទី១៩ ខែតុលា គឺជារឿង​មិនពិត។ «ចិនបានដឹកនាំ​ស៊ើបអង្កេត​ភ្លាមៗ... ប៉ុន្តែជាការពិត​កប៉ាល់​មាន​ជាប់ពាក់ ព័ន្ធនឹង​បញ្ហានេះ មិនបានចូល​ចតកំពង់ផែចិនឡើចាប់តាំងពីខែសីហាមក ហើយក៏មាន​ត្រូវកត់ត្រាទុកថា បានចូលឬចេញ​ពីកំពង់ផែ​ចិនដែរ»។ នេះបើតាម​លោកស្រី Hua Chunying។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន​កូរ៉េខាងត្បូង Chosun Ilbo កប៉ាល់មួយ​គ្រឿងដោតទង់ជាតិ​ហុងកុង Lighthouse Winmore ដែល​ត្រូវបាន គយ​កូរ៉េខាងត្បូង​រឹបអូស បានដឹក​ប្រេងជាង ៦០០តោន បញ្ជូនបន្តទៅកាន់​កប៉ាល់កូរ៉េខាងជើង​មួយគ្រឿង​ទៀត កាលពី​ថ្ងៃទី១៩ ខែតុលា។ ប៉ុន្តែខាង​មន្ត្រី​អាមេរិក មិនទាន់ធ្វើអត្ថា​ធិប្បាយ​ បញ្ជាក់ពីបញ្ហានេះ​នៅឡើយ​ទេ៕