(ម៉ិចស៊ីកូស៊ីធី)៖ ប្រធានពន្ធនាគារមួយកន្លែង ស្ថិតក្នុងរដ្ឋ Baja California Sur នៃប្រទេសម៉ិចស៊ីកូ បានបាត់បង់ជីវិត នៅ​ពេល​ដែលទណ្ឌិត​មួយក្រុម បានព្យាយាមហែក​គុករត់ចេញ ក៏ប៉ុន្តែអ្វីដែល​ចម្លែក គឺថាអ្នកទោស​ទាំងប៉ុន្មាននោះ​ពុំបានប៉ះពាល់​លោក​​មេគុករូបនេះឡើយ។ នេះបើតាមការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។

លោក Julian Anguiana Diaz ប្រធានពន្ធនាគារ​នៃទីក្រុង San José Del Cabo​ ក្នុងរដ្ឋ Baja California Sur ត្រូវគេរាយការណ៍​ថា ​​បានបាត់បង់ជីវិត នៅពេលដែលអំពើហិង្សា​ប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅ​ក្នុងពន្ធនាគារ រវាងឆ្មាំ​ការពារគុក និងពួកអ្នកទោស នា​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ)។

ឧប្បដិហេតុ​ខាងលើ បានកើតមានឡើង នៅពេលដែលទណ្ឌិត​មួយក្រុម បានប៉ុនប៉ងគេចខ្លួន​ពីមន្ទីរឃុំឃាំង ហើយប្រើអំពើហិង្សា​​ទៅលើមន្រ្តីសន្តិសុខ​ពន្ធនាគារ។ កម្លាំងសន្តិសុខ ក៏បានវាយបកដោយបាញ់ប្រហារតបតទៅវិញ ហើយជាលទ្ធផលបានបណ្តាលឲ្យ​អ្នក​ទោស​ម្នាក់ស្លាប់ និងម្នាក់​ទៀតរបួស។

ដោយឡែក ស្របពេលដែល ហេតុការណ៍ដ៏ក្តៅគគុកនេះ កំពុងប្រព្រឹត្ត​ទៅយ៉ាងកក្រើក​ពេញពន្ធនាគារ មេគុក Diaz ក៏ស្រាប់តែ​កើត​មានអាការៈ​គាំងបេះដូង ក្រោយជ្រាបពី​ដំណឹងនៃការព្យាយាម​ហែកគុកគេចខ្លួន របស់ពួក​ទណ្ឌិត ហើយដាច់ខ្យល់​ស្លាប់​មួយ​រំពិច​នៅតាមផ្លូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

គួរជម្រាបថា កម្លាំងសន្តិសុខ​ពន្ធនាគារ ក៏បានគ្រប់គ្រងស្ថានការណ៍​ចលានានេះជាប់វិញ ហើយអ្នកទោស​ទាំង​​​ត្រូវ​បាននាំយកទៅកាន់​បន្ទប់រៀងៗខ្លួន៕