(យ៉េមែន)៖ ការវាយប្រហារ​តាមផ្លូវអាកាស​របស់ក្រុមចំរុះ​អារ៉ាប់ ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេស​យ៉េមែន​បានសម្លាប់ជន​ស៊ីវិល ១៤៣នាក់ ក្នុងរយៈពេលតែ ០៦ថ្ងៃប៉ុណ្ណោះ។ នេះបើតាម​អ្នក​នាំពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (OHCHR) ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ Sputnik អ្នកនាំ​ពាក្យ OHCHR លោកស្រី អេលីហ្សាប៊ែដ ស្រូស្សែល (Elizabeth Throssell) ក៏បាន​​បញ្ជាក់ដែរថា ក្រៅពីមនុស្ស​ស្លាប់ទាំង ១៤៣នាក់ មនុស្សច្រើនជាង ៩៤នាក់ ផ្សេងទៀតបានរងរបួស​ នៅក្នុង​ការវាយប្រហារ​តាមផ្លូវអាកាស​ ដឹកនាំដោយក្រុមចំរុះអារ៉ាប់។ លោកស្រី Elizabeth បាន​បន្ថែមទៀតថា ការវាយប្រហារតាមផ្លូវ​អាកាស​របស់ក្រុម​ចំរុះអារ៉ាប់ នៅក្នុងសប្ដាហ៍​នេះបាន សម្លាប់មនុស្ស ០៥នាក់ និង ១៧នាក់រងរបួស។

គួរបញ្ជាក់ថា ជម្លោះរវាងកង​កម្លាំងរដ្ឋាភិបាល​យ៉េមែន និងក្រុម​ឧទ្ទាមហ៊ូទី បានផ្ទុះឡើង​កាលពីឆ្នាំ២០១៤ ហើយការប្រឈមមុខដាក់គ្នា កើតឡើងកាន់តែ​ខ្លាំងនៅពេល អារ៉ាប់សាអូឌីត​សម្រេចដឹកនាំក្រុមចំរុះ​អារ៉ាប់ ចូលធ្វើអន្តរគមន៍​ក្នុងឆ្នាំ២០១៥ ប្រឆាំងនឹង​ក្រុមឧទ្ទាមហ៊ូទី​ ដែលមានអ៊ីរ៉ង់កាងនៅពី​ក្រោយខ្នង។ ជាងនេះ​ទៅទៀត បន្ថែមពី លើការវាយប្រហារ​តាមផ្លូវអាកាស អារ៉ាប៊ីសាអូឌីត​បានបិទខ្ទប់​ការធ្វើដំណើរ​តាមផ្លូវទឹក នៅក្នុងប្រទេស​យ៉េមែន ដែលបណ្ដាល​ឱ្យប៉ះពាល់យ៉ាង​ខ្លាំងដល់ការ​បញ្ជូនជំនួយ មនុស្សធម៌ដល់ប្រជាជន​រងគ្រោះរាប់ម៉ឺន​នាក់ ដោយសារជំងឺ​អាសន្នរោគ៕