(សាន់ហ្រ្វាន់ស៊ីស្កូ)៖ នៅទីបំផុត​ក្រុមហ៊ុនបច្ចេក​វិទ្យាអាមេរិក Apple Inc បានចេញមុខ​សូមទោសដល់​អតិថិជន​របស់ខ្លួន ចំពោះការធ្វើឱ្យប្រព័ន្ធដំណើរការ នៃទូរស័ព្ទដៃ iP​hones ស៊េរីចាស់​មានថ្មចាស់ៗ​​ដើរយឺត​យកតែមែនទែន ខណៈកំពុងមាន​ពាក្យបណ្ដឹង និងការតវ៉ា​ជាច្រើនពីអ្នក​ប្រើប្រាស់។ នេះបើតាម​ការចេញ​ផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​មួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ក្រុមហ៊ុន Apple បានបញ្ជាក់​យ៉ាងដូច្នេះថា «យើង​បានដឹងថា មនុស្សមួយចំនួន​ក្នុងចំណោម​អ្នកទំាងអស់គ្នាមាន​អារម្មណ៍​ថា Apple បានធ្វើឱ្យអ្នក​មិនសប្បាយ​ចិត្ត... តែយើង​សូមទោស»។ កាលពី​សប្ដាហ៍មុន​ក្រុមហ៊ុន Apple បានទទួល​ស្គាល់ថា ខ្លួនបាន​ផ្លាស់ប្ដូរ កម្មវិធីរបស់​ខ្លួន​កាលពីមួយ​ឆ្នាំមុន ដើម្បីកាត់​បន្ថយល្បឿន​ដំណើរការ​ជាអតិបរមា របស់ទូរស័ព្ទដៃ iP​hones មានថ្មចាស់ៗ​ក្នុងគោលបំណង​បញ្ជៀសកុំឱ្យ​ទូរស័ព្ទដៃ ស្មាតហ្វូនមួយ​នេះរលត់ភ្លាមៗ​ដោយ​ខ្លួនឯង។

តែទោះជាយ៉ាងនេះក្ដី អ្នក​ប្រើប្រាស់ iP​hones​ មានការខឹង​សម្បារយ៉ាងខ្លាំង ​ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​ម៉ាកផ្លែប៉ោម​នេះថា បានលួចលាក់ធ្វើឱ្យទូរស័ព្ទដៃ​ស៊េរីចាស់របស់ខ្លួន​ដើរយឺត ដើម្បី​បង្ខំឱ្យពួកគេ​ទិញ iP​hones​ ស៊េរីថ្មី។

គួរបញ្ជាក់ថា ដើម្បីបន្ធូរបន្ថយ​កំហឹង​អតិថិជន ក្រុមហ៊ុន Apple បាន​និយាយថា ខ្លួននឹងកាត់បន្ថយ​តម្លៃ ៥០ដុល្លារ សម្រាប់​ការផ្លាស់​ប្ដូរថ្ម iP​hones ​ថ្មី នៅឆ្នាំក្រោយ​នេះ ដោយអ្នក​ប្រើប្រាស់ iPhone 6​ អាចដូរយកថ្ម​ថ្មីក្នុងតម្លៃ ២៩ដុល្លារ ចាប់ផ្ដើមពី​ខែមករា ឆ្នាំ២០១៨៕ ​