(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី​បានបញ្ជាក់ម្តង​ទៀតថា ខ្លួនសង្ឃឹមថា​នឹងអាចឈានដល់កិច្ច​ព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក ស្តីពីការ​មិន​ជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុង​នៃភាគីម្ខាង ខណៈ​ទីក្រុងម៉ូស្គូ បាននិងកំពុងរង​ការចោទប្រកាន់​ថា បានលូកដៃ​ចូលក្នុង​កិច្ចការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​​ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រសួងការ​បរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានថ្លែងថា ក្រសួងបានផ្ញើ​ជូនឯកអគ្គរដ្ឋទូត​អាមេរិក ​ប្រចាំ​នៅ​​ប្រទេស​រុស្ស៊ី លោក ចន ហាន់ស៍មែន (Jon Huntsman) នូវអនុស្ស​រណៈពាក់ព័ន្ធនឹង​បញ្ហាខាងលើ កាលពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន។ លោកស្រីអ្នក​​នាំពាក្យបាន​បន្ថែមថា វាគឺជាការ​បញ្ជាក់ពីឆន្ទៈ​របស់ទីក្រុង​ម៉ូស្គូ ក្នុងការឈាន​ឲ្យដល់កិច្ចព្រមព្រៀង​ស្តីពីការធានា​មិន​លូក​ដៃចូល​កិច្ច​ការផ្ទៃ​ក្នុងគ្នាទៅវិញ​ទៅមក ទាក់ទិននឹង​ដំណើរការបោះឆ្នោត ព្រមទាំងកិច្ចការ​នយោបាយផ្ទៃក្នុងផ្សេងៗ​ទៀត។

ជាមួយគ្នានេះ ខណៈដែលលោក​ស្រីបានលើកឡើងថា វាអាស្រ័យតែ​លើភាគីអាមេរិក​ប៉ុណ្ណោះនោះ លោកស្រី Zakharova បាន​រំលឹកថា ប្រទេសរុស្ស៊ី​ធ្លាប់បាន​ស្នើឡើងពី​បញ្ហានេះ តាំងតែពី​ទសវត្សរ៍ ៩០ មកម្ល៉េះ ដើម្បីឈាន​ដល់កិច្ច​ព្រមព្រៀង​ជាមួយ​​សហ​រដ្ឋ​អាមេរិក ក្នុងគោលដៅ​ធានាពីការមិន​ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃ​ក្នុងរបស់ភាគី​ម្ខាងទៀត។ ប៉ុន្តែទីក្រុង​វ៉ាស៊ីនតោន តែងតែបាន​​បដិសេធចំពោះ​សំណើនេះ​ជានិច្ច។

គួរជម្រាបថា សហរដ្ឋ​អាមេរិក បាននិងកំពុងចោទប្រកាន់ទៅ​លើរុស្ស៊ីថា បានជ្រៀតជ្រែក​ចូលកិច្ចការបោះឆ្នោត​ជ្រើសរើស​​ប្រធា​នាធិបតី​អាមេរិក កាលពីឆ្នាំ២០១៧ ជាការចោទ​ប្រកាន់ដែលត្រូវបាន​បដិសេធ​ជាដដែលៗ ដោយ​ទីក្រុងម៉ូស្គូ៕