(ញូយ៉ក)៖​ ក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការ​សហប្រជាជាតិ បានសម្រេចចិត្ត​ហាមមិនឱ្យកប៉ាល់​ចំនួន ០៤គ្រឿង របស់កូរ៉េខាងជើង ចូលចត​នៅតាមកំពង់ផែ​ជាច្រើន​​នៅទូទំាង​ពិភពលោក ដោយសារ​កប៉ាល់ទាំងនេះ​ត្រូវបានគេ​សង្ស័យថា បាន និងកំពុងដឹក​ជញ្ជូនផលិតផល​ជាប់ក្រោមបម្រាម​ នៃដំណោះស្រាយ​ដាក់ទណ្ឌកម្មអន្តរជាតិ ​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ប្រភព​ការទូត​ជាច្រើន ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៩​ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម​ប្រភពការទូត​ប្រចាំអង្គការ​សហប្រជាជាតិ កប៉ាល់ទំាងបួន​គ្រឿងខាងលើ​មាន​ឈ្មោះដូចជា Ul Ji Bong 6, Rung Ra 2, Sam Jong 2 និង Rye Song Gang 1 ហើយការ​ហាមឃាត់នេះ​ទៀតសោត ត្រូវបានស្នើ​ឡើងដោយ​សហរដ្ឋអាមេរិក នៅក្នុងក្របខណ្ឌ​នៃបញ្ជីខ្មៅមួយ​រួមមាន​ទាំងកប៉ាល់ ឬនាវាចំនួន ១០ប្រទេសផ្សេង​ទៀត។ ក៏ប៉ុន្តែចិន​យល់ព្រម​អនុវត្តទណ្ឌកម្ម​ តែទៅលើកប៉ាល់ទំាងបួន​គ្រឿងរបស់​កូរ៉េខាងជើង​ប៉ុណ្ណោះ ជាផ្នែកមួយ​នៃកិច្ចប្រឹងប្រែង​អន្តរជាតិ ក្នុងការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង ទីក្រុងព្យុងយ៉ាង​សម្រាប់ការអភិវឌ្ឍ​មីស៊ីល និងអាវុធ​នុយក្លេអ៊ែរ។

គួរបញ្ជាក់ថា មកទល់​ពេលនេះ​ទីក្រុងវ៉ាស៊ីនតោន​នៅតែយល់ថា ការដាក់សម្ពាធពី​ចិនលើ​កូរ៉េខាងជើង គឺជាផ្លូវមួយអាច​ឱ្យបញ្ចុះបញ្ចូល​កូរ៉េខាងជើង ឱ្យត្រឡប់​មករក​តុចរចាវិញ។ ប៉ុន្តែក្រុមអ្នក​ជំនាញខ្លះ ក៏បានអះអាង​ដែរថា ទីក្រុងប៉េកាំង​ហាក់ដូចជាមិន​បានដាក់ទណ្ឌកម្ម​ពេញទំហឹង លើកូរ៉េខាងជើង​នោះទេ ខណៈ​សារព័ត៌មាន​កូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍​ថា ចិនបានលួចលាក់​ដឹកប្រេងលក់​ឱ្យកូរ៉េខាងជើង​ជាច្រើនលើក ចាប់តាំងពី​ខែតុលាមក បើទោះជាទីក្រុង​ប៉េកាំង​បានបដិសេធ ជាច្រើនដង​ក៏ដោយ៕