(ម៉ុមបៃ)៖ អាជ្ញាធរឥណ្ឌា​នៅថ្ងៃសុក្រនេះ​បាននិយាយថា មនុស្សយ៉ាងហោច​ណាស់ ១៥នាក់ និង ០៣នាក់ ផ្សេងទៀតរង​របួសធ្ងន់ នៅក្នុងការហេតុការណ៍អគ្គីភ័យឆាបឆេះ អគារមួយ​កន្លែងស្ថិនៅក្នុង​រដ្ឋធានម៉ុមបៃ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម​អាជ្ញាធរនៅ​ក្នុងតំបន់ ភាគច្រើននៃអ្នក​បាត់បង់ជីវិត​គឺជាស្រី្ត​ដែលបានចូលរួម​ក្នុងពិធីបុណ្យខួបកំណើតមួយ នៅលើជាន់ដំបូលភោជនីយដ្ឋាន​នៃអគារ​ខាងលើ រីឯ​ស្ត្រីអាយុ ២៨ឆ្នាំ ជាម្ចាស់ពិធី​ខួបកំណើត​ក៏ស្ថិតនៅក្នុង​ចំណោមអ្នក​ស្លាប់ទាំង ១៥នាក់ ផងដែរ។ ដោយឡែក​នាយកដ្ឋានពន្លត់​អគ្គីភ័យ​ ក៏បានឱ្យដឹងដែរថា ពួកគេ​បានទទួល​ទូរស័ព្ទរាយការណ៍​ពីអគ្គីភ័យឆាបឆេះ​អគារពាណិជ្ជកម្ម​មួយនៅ​ឯតំបន់ Kamala Mills ស្ថិតនៅ​កណ្ដាលរដ្ឋធានីម៉ុមបៃ នៅម៉ោងប្រមាណ ០០៖៣០នាទី នៅថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា អគ្គីភ័យខាងលើ​បានឆាបឆេះ នៅជាន់ដំបូល​នៃអគារ ហើយបានរាលដាល​ទៅជាន់ដទៃទៀត។ ប៉ុន្តែទន្ទឹម​គ្នាពុំទាន់មាន​ការបញ្ជាក់មូលហេតុ​នៃអគ្គីភ័យនេះ​ទេ ខណៈអាជ្ញាធរ​កំពុង​ស៊ើបអង្កេត៕