(ប៉េកាំង)៖ រដ្ឋាភិបាល​ទីក្រុងប៉េកាំង នៅ​ថ្ងៃព្រហស្បតិ៍នេះ​បាននិយាយថា ខ្លួនមិនបាន​រំលោភ​បំពាន លើដំណោះស្រាយ​ដាក់ទណ្ឌកម្មប្រេង​របស់អង្គការ​សហប្រជាជាតិ ប្រឆាំង​កូរ៉េខាងជើង​ឡើយ។ ការថ្លែងបែបនេះ ធ្វើឡើង​ដើម្បីឆ្លើយតប​ទៅនឹង សារព័ត៌មាន​កូរ៉េខាងត្បូងមួយ ដែលបានចុះ​ផ្សាយថា នាវាចិនបានលួចលាក់​ដឹកប្រេង​ទៅកាន់​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។​

ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយ​នៅឯទីក្រុងប៉េកាំង អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Ren Guoqiang បានអះអាង​ថា ចិន បាននិងកំពុងអនុវត្ត​យ៉ាងពេញលេញ នូវ​ដំណោះស្រាយ​អង្គការ​សហប្រជាជាតិ ប្រឆាំងនឹង​កូរ៉េខាងជើង។ «ស្ថានភាព​ដែលអ្នកលើក​ឡើង វាមិនមែន​ជាការ​ពិត​ជាដាច់ខាត»។ នេះគឺជា​ការលើកឡើងរបស់ លោក Ren Guoqiang ឆ្លើយតប​ទៅនឹងសំណួរអ្នកសារព័ត៌​មានសួរថា តើនាវាចិន​បានផ្គត់ផ្គង់ប្រេង​ដល់កូរ៉េខាង​ជើងដែរ ឬទេ។

គួររំលឹកថា កាលពី​សប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ជាឯកច្ឆ័នលើ​ដំណោះស្រាយ ដាក់ទណ្ឌកម្មថ្មីមួយ​ប្រឆាំងនឹងកូរ៉េខាងជើង​សម្រាប់ ការបាញ់សាកល្បង​មីស៊ីលឆ្លងទ្វីប​ កាលពីថ្មីៗ​កន្លងទៅនេះ។ ម្យ៉ាងវិញទៀត ផ្អែកលើ​ដំណោះស្រាយនេះ សហគមន៍​អន្តរជាតិ មានបំណង​កាត់បន្ថយការ​ផ្គត់ផ្គង់ប្រេង ជាង ៩០ភាគរយ ឬស្មើនឹង ៥០០,០០០​បារ៉ែល ក្នុងមួយឆ្នាំ ហើយមិនតែ​ប៉ុណ្ណោះ ពួកគេក៏មាន​គោលដៅកាត់​បន្ថយជាអតិបរមា ផងដែរនូវការនាំចេញ​ប្រេងឆៅ ០៤លាន​បារ៉ែល ក្នុងមួយឆ្នាំទៅកាន់​កូរ៉េខាងជើង ខណៈទណ្ឌកម្ម​ផ្សេងទៀតអាច​នឹងត្រូវធ្វើឡើង បើសិនជាទីក្រុងព្យុងយ៉ាង​ នៅតែបន្តធ្វើតេស្ដ​នុយក្លេអ៊ែរ ឬមីស៊ីល​ឆ្លងទ្វីប៕