(ស៊ីរី)៖ ក្រុមចំរុះអន្តរជាតិ​ ដឹកនាំដោយ​សហរដ្ឋអាមេរិកប្រឆាំងនឹងពួក ISIS មិនមាន​បំណងវាយប្រហារ​លើពួក​សកម្មប្រយុទ្ធ ISIS មានវត្តមាននៅ​លើទឹកដីស៊ីរី​ ដែលស្ថិត នៅក្រោមការ​គ្រប់គ្រងរបស់រដ្ឋាភិបាល​ស៊ីរីឡើយ។ នេះបើតាមមន្ត្រីជានខ្ពស់ក្រុមចំរុះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។​

យោងតាម​ឧត្តមសេនីយ៍​អង់គ្លេស លោក ហ្វេលីច ហ្គេដណេយ (Felix Gedney) ក្រុមចំរុះពិត​ជាមានការ​សោកស្ដាយ​ណាស់ ដែលក្រុម​សកម្មប្រយុទ្ធ ISIS បានទទួជ័យ​ជម្នះនៅក្នុង​តំបន់មួយ ចំនួនក្រោមការ​គ្រប់គ្រង់របស់​កងកម្លាំង​រដ្ឋាភិបាលស៊ីរី ជាពិសេស​នៅភាគឦសាន​នៃប្រទេស ពោលគឺនៅ​ឯភាគខាងកើត​នៃទន្លេ Euphrate និងភាគ​ខាងលិច​នៃទន្លេ មួយនេះ​ ដែលស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ ​កងកម្លាំងគាំទ្រ​ដោយក្រុមចំរុះ។

លោក Felix Gedney បានគូសបញ្ជាក់​ដូច្នេះថា «ពួក ISIS ហាក់ដូចជា​កំពុងផ្លាស់ទី ឆ្លងកាត់ទឹកដី​គ្រប់គ្រងដោយ​របបស៊ីរី​យ៉ាងសេរី ហើយដែល​នេះបង្ហាញថា របបដឹកនាំទីក្រុង​ដាម៉ាស់​គ្មានសមត្ថភាព​យកឈ្នះពួក ISIS នៅតាមតំបន់​ព្រំដែន​របស់ខ្លួន... ប៉ុន្តែយើងមិន​មានបំណង​វាយប្រហារ ឬដឹកនាំប្រតិបត្តិការ​ណាមួយ​នៅក្នុងតំបន់​ដែលបច្ចុប្បន្ន ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយរបប​ដឹកនាំស៊ីរីនោះទេ»។

គួរបញ្ជាក់ថា បើតាមលោក Felix Gedney ការប្រយុទ្ធប្រឆាំង​នឹងពួក ISIS មិនទាន់ដល់ទីបញ្ចប់​នៅឡើយទេ ខណៈក្រុមសកម្មមួយ​នេះយ៉ាងតិច ១,០០០នាក់ កំពុងមាន វត្តមាននៅ​លើទឹកដីស៊ីរី និងអ៊ីរ៉ាក់៕