​(ហ្សឺណែវ)៖ អង្គការសុខភាព​ពិភពលោក (​WHO) អាចនឹងចាត់​ទុកថា ​«ជំងឺញៀននឹង​ល្បែងហ្គេម​វីដេអូ» គឺជាជំងឺផ្លូវចិត្ត​នៅក្នុងសៀវភៅរបស់ខ្លួន ស្ដីពីជំងឺនៅ​ឆ្នាំ២០១៨។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។​

នៅក្នុងឯកសារព្រាង​នៃការធ្វើបច្ចុប្បន្នភាព​លើកទី ១១ ស្ដីពីការចាត់ថ្នាក់​ប្រភេទជំងឺ​អន្តរជាតិ (ICD-11) ជំងឺញៀននឹង​ល្បែងហ្គេមវីដេអូ​ ត្រូវបានរាប់បញ្ចូល​នៅក្នុងប្រភេទ​ជំងឺផ្លូវចិត្ត បញ្ហា​អាកប្បកិរិយា និងជំងឺពាក់ព័ន្ធនឹង​ការអភិវឌ្ឍខួរក្បាល។ ជាងនេះ​ទៅទៀត ICD-11 ក៏បានបញ្ជាក់ដែរ​ថា អ្នកមានជំងឺញៀននឹង​ល្បែងហ្គេម​វីដេអូ គឺចាប់​អារម្មណ៍​ខ្លាំងលើការលេង​ហ្គេម ជាជាងសកម្មភាព​ប្រចាំថ្ងៃ​ដទៃទៀត ហើយបើទោះ​ជាគេដឹង​ ពីផលប៉ះពាល់ក៏គេ​នៅតែបន្តលេងហ្គេម ហើយដែល​អាកប្បកិរិយា​បែបនេះ នឹង​ជះឥទ្ធិពលអាក្រក់​លើជីវិតផ្ទាល់​ខ្លួន គ្រួសារ សង្គម រួមទាំងការ​អប់រំផងដែរ។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០១៤ ស្ត្រីជនជាតិចិន​ម្នាក់អាយុ ២៧ឆ្នាំ ធ្លាក់ខ្លួន​ឈឺរហូត​ដល់ស្លាប់ បន្ទាប់ពីចំណាយពេល ១០ម៉ោង ជាប់ៗគ្នាលេងល្បែងវីដេអូហ្គេម។ ចំណែកឯ​នៅឆ្នាំ២០១៥ ក្មេងប្រុស​រុស្ស៊ីម្នាក់ទៀតអាយុ ១៧ឆ្នាំ ត្រូវបញ្ជូន​ទៅសង្រ្គោះបន្ទាន់​ភ្លាមៗ និងក្រោយមកបាន​ស្លាប់នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពីរូបគេ​សន្លប់ស្ដូកស្ដឹង នៅពេលកំពុង​លេងហ្គេម។ ក្មេងប្រុស​រូបនេះត្រូវបាន​គេរាយការណ៍​ថា បានលេងហ្គេម ២២ថ្ងៃ ជាប់ៗគ្នា ពោលគឺគេឈប់​នៅពេល​ដេក និងញុំាតែប៉ុណ្ណោះ៕