(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង​នៅថ្ងៃអង្គារនេះ បានអំពាវនាវយ៉ាងទទូចដល់ពិភពលោកទាំង​មូល ឲ្យងើបឈរឡើងប្រឆាំងនឹងចេតនារបស់សហរដ្ឋអាមេរិក ក្នុងការធ្វើកំណែទម្រង់ក្នុង​អង្គការសហប្រជាជាតិ (UN) និងថែមទាំងបានហៅអាមេរិកថា «ជាតិសាសន៍ជើងកាង ដែលមានចរិតគគ្លើន» ផងដែរ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ពី​កូរ៉េខាងជើង បានបញ្ជាក់​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​កាល​ពីពេល​ថ្មីៗនេះ​បាន​អំពាវនាវឲ្យមានកំណែ​ទម្រង់ក្នុង UN ដោយយកហេតុផលថា ស្ថាប័នអន្តរជាតិដ៏ធំមួយនេះ បានបរាជ័យក្នុង​ការ​បង្ហាញសក្តានុពលពេញ​លេញរបស់ខ្លួន និងបម្រើការងារគ្មានប្រសិទ្ធភាពពេញ​លេញ និងមិនត្រូវតាមបែបបទការិយាធិបតេយ្យ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃ UNSC ការទាមទារ​កំណែទម្រង់នេះ គឺបង្ហាញពីមហិច្ឆតាអាមេរិក ក្នុងការត្រួតត្រាពិភពលោកហើយ»។

គួរបញ្ជាក់ថា ការថ្លែងសារកូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងបន្ទាប់ពី​សហរដ្ឋអាមេរិក​បានសម្រេចចិត្ត​​កាត់ផ្ដាច់​ជំនួយ​ជាង ២៨៥លានដុល្លារ​អាមេរិក ដល់អង្គការ​សហប្រជាជាតិ​សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បន្ទាប់ពី​​មហា​សន្និបាត​អង្គការសហប្រជាជាតិ​ «ហ៊ានបោះឆ្នោតជំទាស់​នឹង ការសម្រេចចិត្ត​​របស់​លោក ដូណាល់ ត្រាំ» ដែលបានសម្រេច​​ទទួលស្គាល់ទីក្រុង​​ហ្សេរុយសាឡឹម ជារដ្ឋធានី​​របស់អ៊ីស្រាអែល កាលពីពេល​ថ្មីៗកន្លងទៅនេះ ដែលស្ទើរគ្រប់ប្រទេស​ទូទាំង​សកលលោក​ បានសម្តែង​​ការប្រឆាំង៕