​(ប៉េកាំង)៖ ក្រុមអ្នកបុរាណ​វិទ្យាចិន​បានរកឃើញ​វត្ថុបុរាណជាច្រើន​ មានអាយុកាលជាង ៥,០០០ឆ្នាំមុន នៅក្នុងខេត្ត Sichuan ភាគនិរតី​ប្រទេសចិន។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមក្រុមអ្នក​បុរាណវិទ្យាចិន ការរុករកវត្ថុបុរាណ​បានចាប់ផ្ដើម​កាលពីខែតុលា ហើយក្នុងប្រតិបត្តិការ​រុករកនេះ​ទៀតសោត ពួកគេបានរកឃើញ​វត្ថុបុរាណ​ចំនួន ១២២ ក្នុងនោះមានសំណល់​រចនាសម្ព័ន្ធ បុរាណចំនួន ១៥ ឧបករណ៍ទុកផេះ​ចំនួន ៩៣ និងផ្នូរសពបុរាណ​ចំនួន ០៨ នៅក្នុងបរិវេណ​នៃតំបន់រុករកមានផ្ទៃ ៨០ម៉ែត្រក្រឡា នៅឯ តំបន់​បុរាណវិទ្យា Guijiabao ស្ថិតនៅ​ក្នុងតំបន់​ជនបទ Yanyuan។ ចំណែក​ឯថ្ម និងគ្រឿងស្មូន​ជាច្រើនទៀត ក៏ត្រូវបានគេរកឃើញ​ផងដែរ។

បើតាម លោក Zhou Zhiqing ជាអ្នកស្រាវជ្រាវ​មួយរូបមកពី​វិទ្យាស្ថាន Chengdu របកកំហើញថ្មីនេះបានឆ្លុះ​បញ្ចំងពីទំនាក់ទំនង​រវាងវត្ថុបុរាណ នៅឯភាគពាយ័ព្យ និងនិរតី ឬអាចនិយាយ​បានថា តំបន់ទាំងពីរនេះមាន​ទំនាក់ទំនងនឹងគ្នា​ទៅវិញទៅមក​ កាលពីជាង ៥,០០០ឆ្នាំមុនមកម្ល៉េះ។

គួរបញ្ជាក់ថា ចិនគឺជាប្រទេស​ដែលអរិយធម៌ចំណាស់បំផុតមួយដែរ នៅសកលលោកយើង​នេះ ហើយដែលតឹកតាងប្រវត្តិសាស្ត្រ មានអាយុកាលរាប់ពាន់ឆ្នាំជាច្រើន ត្រូវបានរកឃើញជា​បន្តបន្ទាប់ និងជាច្រើនទៀត នៅមិនទាន់ត្រូវបានរកឃើញឡើយ។ សំណង់បុរាណ​ដែលល្បីបំផុត​​លើលោក​របស់ចិន គឺមហាកំផែង​តែម្តង ដែលមានប្រវែង​រហូតដល់ទៅជាង ៦,០០០គីឡូម៉ែត្រ៕