(អង់គ្លេស)៖ មិនសូវខុសពី​សហរដ្ឋអាមេរិកប៉ុន្មាននោះទេ ដោយចក្រភពអង់គ្លេស បានគិតគូរអំពី​បញ្ហាសន្តិសុខជាចម្បង ខណៈការថ្លែងសារមួយឆ្នាំម្តងនៅថ្ងៃបុណ្យគ្រីស្មាក់នៅអង់គ្លេស ម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី ២ នៃចក្រភពដ៏រុងរឿងនេះ បានយកពេលដើម្បីសម្តែងការរំលែកទុក​ដល់ជនរងគ្រោះ ដែលបានស្លាប់ និងភ័យតក់ស្លុត ក្នុងអំពើភេរវកម្ម ដែលបានកើតមានឡើង​នៅទីក្រុងឡុងដ៍ និងមែនឆែស្ទឺ ក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។

ម្ចាស់ក្សត្រី​បានមានព្រះបន្ទូល​នៅថ្ងៃទី២៥ ខែធ្នូ យ៉ាងដូច្នេះថា «គ្រីស្មាក់​ឆ្នាំនេះ ខ្ញុំបាន​គិតដល់​ទីក្រុងឡុងដ៍ និងមែនឆែស្ទឺ ដែលជាអត្តសញ្ញាណ​ដ៏រឹងមាំ ឈរតទល់នឹង​ការវាយប្រហារ​​ភេរវកម្ម​ក្នុងរយៈពេល ១២ខែ មកនេះ»។ បន្ថែមពីនេះ​អង្គក្សត្រីព្រះជន ៩១វស្សា ទៅហើយនេះ ក៏បាន​ថ្លែងអំណរគុណ​ដល់ក្រុមសង្គ្រោះបន្ទាន់​ទាំងអស់ ដែលបាន​ប្រថុយជីវិត ចេញប្រតិបត្តិការ​សង្គ្រោះជនរងគ្រោះ​ដោយអំពើភេរវកម្ម នាពេលកន្លង​មកផងដែរ។

គួរបញ្ជាក់ថា អំពើភេរវកម្មនៅ​ក្នុងទីក្រុងមែនឆែស្ទឺ ដែលជាការបំផ្ទុះ​គ្រាប់បែក នៅក្នុងការប្រគុំ​តន្ត្រីមួយនោះ បានបណ្តាល​ឲ្យមនុស្ស ២២នាក់ស្លាប់ និង ១២០នាក់ទៀត​រងរបួស។ បន្ថែមពី​នេះ​ការវាយប្រហារ​ដោយភេរវកម្មនៅលើ​ស្ពានមួយ នៅក្នុង​ទីក្រុងឡុងដ៍ កាលពី​ខែមីនា ក៏បាន​សម្លាប់​ប្រជាជន ០៤នាក់ និងប៉ូលិស​ម្នាក់ផងដែរ៕