(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក​បានរឹតបន្តឹងសន្តិសុខ​យ៉ាងខ្លាំង ពីឆ្នេរមួយទៅឆ្នេរមួយ និងពីផ្លូវមួយ​ទៅផ្លូវមួយ ដើម្បីធានាសុវត្ថិភាព​ជូនប្រជាជនអាមេរិក​ នាឱកាសពិធី​បុណ្យ​ណូអែល ខណៈក្រុមគ្រួសារ​អាមេរិកប្រមូលផ្ដុំ​គ្នា ធ្វើការអធិដ្ឋាន​ផ្លាស់ប្ដូរកញ្ចប់​អំណោយ និងប្រារព្ធពិធីបុណ្យ​គ្រួសារ តាមលក្ខណៈប្រពៃណីសាសនាគ្រិស្ត។ នេះបើ​តាមការចេញ ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។

មុនពិធីបុណ្យ​ណូអែល ប៉ូលិសអាមេរិកបានទប់​ស្កាត់អំពើមនុស្ស​ឃាតជាច្រើន ដោយក្នុងនោះរួម​ទាំងការបង្រ្កាប​គំរោងវាយប្រហារ នៅឯទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ កាលពីសប្ដាហ៍មុន និងការ​ចាប់ខ្លួន​​បុរសម្នាក់​ឈ្មោះ Everett Jameson។ លោក Jameson ត្រូវបាន​ប៉ូលិស​អះអាងថា ជាអ្នកដើរតាមមាគ៌ាក្រុម ISIS បន្ទាប់ពីរូបគេ​ត្រូវបានគេ​ចោទ​ប្រកាន់ថា បានរៀបចំ​គំរោង​វាយប្រហារ​ភេរវកម្ម នៅក្បែរតំបន់ Modesto នៃរដ្ឋ California កាលពីថ្ងៃទី១៩ ខែធ្នូ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយអាមេរិក ប៉ូលិសអាមេរិក​បានទប់ស្កាត់ការ​ប៉ុនប៉ងសម្លាប់​មនុស្ស​ទ្រង់ទ្រាយធំមួយ ដោយជនម្នាក់ឈ្មោះ Aminamin El-Mofty មានអាយុ ៥១ឆ្នាំ ត្រូវបានបាញ់សម្លាប់​កាលពី​ថ្ងៃសុក្រ ក្រោយរូបគេបាញ់​ប្រហារលើ​មន្ត្រីសន្តិសុខ​ក្នុងរដ្ឋ Pennsylvania។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យ ក្រុមមន្រ្តីនៃ​ក្រសួងសន្តិសុខ​មាតុភូមិ បានចាត់ទុកថាការបាញ់​ប្រហារក្នុងទីក្រុង Harrisburg នៃរដ្ឋ Pennsylvanian គឺជាសកម្មភាព​ភេរវកម្ម៕