(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានសម្រេចចិត្ត​កាត់ផ្ដាច់​ជំនួយជាង ២៨៥លានដុល្លារ​អាមេរិក ដល់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បន្ទាប់ពី​មហា​សន្និបាត​អង្គការសហប្រជាជាតិ​ «ហ៊ានបោះឆ្នោតជំទាស់​នឹង ការសម្រេចចិត្ត​របស់​លោក ដូណាល់ ត្រាំ» ដែលបានសម្រេច​ទទួលស្គាល់ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​របស់អ៊ីស្រាអែល កាលពីពេល​ថ្មីៗកន្លងទៅនេះ ដែលស្ទើរគ្រប់ប្រទេស​ទូទាំងសកលលោក​ បានសម្តែង​ការប្រឆាំង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Daily Mail របស់អង់គ្លេស នៅមុននេះបន្តិច​នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម​បេសកកម្មអាមេរិក ​ប្រចាំនៅអង្គការសហប្រជាជាតិ (​UN) ការសម្រេចចិត្តកាត់បន្ថយជំនួយ​នេះ ក៏នឹងត្រូវអនុវត្ត​ផងដែរលើ​ផ្នែកគ្រប់គ្រង និងការគំាទ្រ ដំណើរការ​របស់យូអិន។ ប៉ុន្តែគេមិនទាន់​ដឹងច្បាស់​ពីចំនួនកញ្ចប់ថវិកា​សរុប នឹងត្រូវកាត់បន្ថយ ឬក៏ផលប៉ះពាល់​ដែលអាចនឹងកើត​មាន​ លើការចូលរួម​ចំណែករបស់​សហរដ្ឋអាមេរិកនៅឡើយទេ។ ដោយឡែក អគ្គរដ្ឋទូត​អាមេរិកប្រចាំ​យូអិន លោកស្រី Nikki Haley ក៏បានបញ្ជាក់​យ៉ាងដូច្នេះដែរថា «ភាពគ្មាន​ប្រសិទ្ធភាព និងការ​ចំណាយដ៏​ច្រើនលើសលប់ ត្រូវបានគេដឹង​យ៉ាងច្បាស់ ហើយយើងនឹងមិន​បណ្ដោយឱ្យអ្នកជំនាន់​ក្រោយនៃប្រជាជន​អាមេរិក​ត្រូវបានគេទាញយក​ប្រយោជន៍ទៀត​នោះទេ»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មហាសន្និបាត​អង្គការសហប្រជាជាតិមាន​សមាជិក ១៩៣ប្រទេស បានបោះឆ្នោត​ក្នុងសំឡេងគំាទ្រ ១២៨សំឡេង ទល់នឹង ០៩សំឡេង ខណៈ៣៥អនុប្បវាទ និង២១ទៀត អវត្តមានលើដំណោះស្រាយ​ថ្កោលទោស និងអំពាវនាវឱ្យ​សហរដ្ឋអាមេរិកលុបចោល​ការសម្រេចចិត្ត ទទួលស្គាល់ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល។ សហរដ្ឋអាមេរិក គឺជាអ្នកឧបត្ថម្ភធំ​បំផុតដល់អង្គការ​សហប្រជាជាតិ ដោយកាលពី​ជំនាន់អតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ទីក្រុង​វ៉ាស៊ីនតោន​បានផ្ដល់ជំនួយ ១.២ពាន់លានដុល្លារ ក្នុងរយៈពេល០២ឆ្នាំ សម្រាប់​អង្គការអន្តរជាតិ​មួយនេះ៕