(សេអ៊ូល)៖ មន្ត្រីនៃក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ​បាននិយាយថា កូរ៉េខាងជើងទំនងជាអាចនឹងស្នើ​សុំចរចាជាមួយសហរដ្ឋអាមេរិក នៅអំឡុងឆ្នាំ២០១៨ ខាងមុខ​នេះ នៅក្នុងបរិបទ​ដែលកូរ៉េខាងជើង កំពុងស្វែងរក​ការទទួលស្គាល់​​ឋានៈ ជារដ្ឋនុយក្លេអ៊ែរ​ស្របច្បាប់​មួយដែរលើឆាកអន្តរជាតិ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍របស់ខ្លួន​ ចេញផ្សាយនៅ​ថ្ងៃអង្គារនេះ ក្រសួងបង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង បានលើក​ឡើងយ៉ាងដូច្នេះថា «កូរ៉េខាងជើង អាចនឹងបន្ត​អភិវឌ្ឍន៍កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​របស់ខ្លួន។ ប៉ុន្តែ​ទន្ទឹមគ្នា ពួកគេក៏កំពុង​ស្វែងរក​ការទទួលស្គាល់​ ជារដ្ឋនុយក្លេអ៊ែ​ស្របច្បាប់ផងដែរ... ដូច្នេះ​កូរ៉េខាងជើង អាចនឹង​ស្នើសុំចរចា ជាមួយសហរដ្ឋអាមេរិក​ នៅឆ្នាំ២០១៨ ខាងមុខនេះ»។

គួរបញ្ជាក់ថា ក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង កូរ៉េខាងជើង​ក៏អាចនឹងចូលរួម​ជាមួយកូរ៉េខាងត្បូង ក្នុងការស្ដារ​ឡើងវិញនូវទំនាក់ទំនង​អន្តរកូរ៉េ នៅឆ្នាំក្រោយនេះ។ តែទោះជា​បែបនេះក្ដី កូរ៉េខាងត្បូង​នៅតែអះអាង​ថា នឹងតាមដានយ៉ាង​ជិតស្និទ្ធលើសុន្ទរកថា​ថ្ងៃចូលឆ្នាំថ្មី របស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី០១ ខែមករា ថា​មានចេតនាពិតចង់​ចរចា ឬក៏យ៉ាងណា៕