(សេអ៊ូល)៖ កូរ៉េខាងជើង​បានចេញមុខ​ការពារ កិច្ចខិតខំប្រឹងប្រែង​របស់ខ្លួន ក្នុងការអភិវឌ្ឍវិស័យ​អវកាសថា ជាការប្រើប្រាស់​សិទ្ធិ​​​ដោយស្របច្បាប់ ដែលប្រការនេះ​បានបង្កការ​សង្ស័យថា ទីក្រុងព្យុងយ៉ាង​អាចនឹងបន្តធ្វើ​សកម្មភាព​បង្កហេតុ ក្រោមស្លាកនៃ​ការ​​បាញ់បង្ហោះ​ផ្កាយរណប។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃអង្គារ ទី២៦ ខែ​ធ្នូ ឆ្នាំ២០១៧។

កាសែតផ្លូវការរបស់បក្សកាន់អំណាច​កូរ៉េខាងជើង Rodong Sinmun បានអះអាងថា ជាមួយការ​បាញ់បង្ហោះ​ផ្កាយរណប Kwang​myongsong-4 កាលពី​ខែកុម្ភៈឆ្នាំទៅ ទីក្រុងព្យុងយ៉ាង​បានឈានចូល​ដល់ ដំណាក់​កាល​អភិវឌ្ឍន៍ផ្កាយរណប កាន់​តែ​ទំនើប​​ថែម​ទៀត​។ កាសែតនេះ​បានបញ្ជាក់ថា សកម្មភាពបាញ់​បង្ហោះផ្កាយរណប​របស់ខ្លួន គឺជាទង្វើស្របច្បាប់​ នៃការប្រើប្រាស់សិទ្ធិ ដែល​ស្របទៅធម្មនុញ្ញ​របស់អង្គការ​សហប្រជាជាតិ ដែលរក្សាគោលការណ៍​សិទ្ធិមូលដ្ឋាន​នៃការគោរព ដល់អធិបតេយ្យភាព និង​សម​​ភាព ក៏ដូចជាច្បាប់​អន្តរជាតិ ដែលកំណត់​ពីការប្រើប្រាស់ទី​អវកាសដោយ​សន្តិភាព។

គួរជម្រាបថា បើតាមអ្នកជំនាញ​កូរ៉េខាងត្បូង ការដែល​កូរ៉េខាងជើង​បានលើកឡើង​ជាដដែលៗនា​ពេលថ្មីៗនេះ ពាក់ព័ន្ធនឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យអវកាស​ដោយសន្តិភាព កំពុងបង្កក្តី​ព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាង អាចនឹងបន្តការ​ធ្វើតេស្ត​មីស៊ីល​ផ្លោង ដោយយកការ​សិក្សាស្រាវជ្រាវ​អវកាស ធ្វើជាលែស៕