(ប៉ារីស)៖ ប្រធានាធិបតី​ប៉ាឡេស្ទីន លោក ម៉ាហួដ អាប់បាស់ (Mahmoud Abbas) បាននិយាយថា សហរដ្ឋអាមេរិក​លែងមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ក្នុងការដើរតួនាទី​ជាអ្នក​សម្របសម្រួលសន្តិភាព​ក្នុងតំបន់​មជ្ឈិមបូព៌ា​ទៀតហើយ ដោយសារតែ​ភាពលំអៀង និងការរំលោភ​លើច្បាប់​អន្តរជាតិ តាមរយៈការ​ទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី របស់​អ៊ីស្រាអែល។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅ​ព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​របស់ លោក Abbas ធ្វើឡើងនៅ​ក្នុងសន្និសីទសារព័ត៌មាន​មួយ​ ក្នុងទីក្រុងប៉ារីស​កាលពីថ្ងៃចន្ទ។ ប្រធានាធិបតី​ប៉ាឡេស្ទីនរូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចចិត្ត​របស់លោក ដូណាល់ ត្រាំ ក្នុងការទទួល​ស្គាល់ និងផ្លាស់ប្ដូរស្ថានទូតអាមេរិក​ នៅក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់​ទីក្រុង​ហ្សេរុយសាឡឹម រួមទាំងការ គំរាមកំហែង​កាត់ផ្ដាច់ជំនួយ​ដល់ប្រទេស​ណាបោះឆ្នោត​ លើដំណោះស្រាយ​យូអិន ថ្កោលទោស​ទីក្រុង​វ៉ាស៊ីនតោន បានបង្ហាញយ៉ាង​ច្បាស់ថា សហរដ្ឋអាមេរិក​មិន​សាកសម ធ្វើជាអ្នក​សម្របសម្រួល​សន្តិភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា​ទៀតនោះ​ទេ... ដូច្នេះប៉ាឡេសី្ទន​នឹងមិនទទួល​យកឡើយ​ នូវរាល់ផែនការ​របស់សហរដ្ឋអាមេរិក​ពីព្រោះ​វាមានភាព លំអៀង និងរំលោភ​លើច្បាប់​អន្តរជាតិ»

គួរបញ្ជាក់ថា បើតាមអ្នកនំា​ពាក្យអាជ្ញាធរ​ប៉ាឡេស្ទីន សំឡេង​បោះឆ្នោត ១២៨សំឡេង​ ទល់នឹង ០៩សំឡេង នៅឯមហាសន្និបាតអង្គការ​សហប្រជាជាតិ ថ្កោលទោស និងអំពាវនាវឱ្យ​សហរដ្ឋអាមេរិក​លុបចោល​ការសម្រេចចិត្ត​របស់ខ្លួនវិញ គឺជាជ័យជម្នះ​របស់​ប៉ាឡេស្ទីន៕