(ប៉េកាំង)៖ ស្ពានកញ្ចក់​ដ៏វែងជាងគេបង្អស់​លើលោក ត្រូវបានបើកឲ្យ​ដំណើរការហើយ​ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយវាមាន​ទីតាំងស្ថិតនៅលើជ្រលងភ្នំក្នុងក្រុង​ហ្ស៊ីជាហ្សួង (Shijiazhuang) នៃខេត្ត ហេបៃ (Hebei) ក្បែររដ្ឋធានី​ប៉េកាំង ប្រទេសចិន។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។

ស្ពានខាងលើ មានបណ្តោយ​លាតសន្ធឹងប្រវែង ៤៨៨ម៉ែត្រ និងទទឹងប្រវែង ០២ម៉ែត្រ ហើយវាស្ថិតនៅ​កម្ពស់ ២១៨ម៉ែត្រ ​ពីលើជ្រលង​ភ្នំដ៏​ចោតចំនួន ០២ ក្នុងតំបន់​ទេសភាព ហុងយ៉ាគូ (Hongyagu) នៃស្រុក ភីងសាន (Pingshan)។ ស្ពាន​អាកាសនេះ ធ្វើឡើងពីផ្ទាំង​កញ្ចក់ថ្លាចំនួន ១,០៧៧​បន្ទះ ដោយផ្ទាំងនីមួយៗ​មានកម្រាស់ ០៤សង់ទីម៉ែត្រ និងមានទម្ងន់​សរុប ៧០តោន។

គួរជម្រាបថា ស្ពានកញ្ចក់​ដ៏វែងជាងគេបំផុតនេះ ក៏ត្រូវបាន​រចនាឡើង ដើម្បីឲ្យរៀងយោងបន្តិច​ផងដែរ នៅពេលភ្ញៀវទេសចរ​​ដើរ​ដល់ចំណុចកណ្តាល​របស់វា ដោយក្រុមហ៊ុនដែលសាងសង់​ស្ពាននេះបានបញ្ជាក់ថា ដើម្បីបង្កើត​បរិយាកាសព្រឺព្រួច​ក៏ដូចជា​រំជើបរំជួលដល់​ទស្សនិកជន៕