(បារ៉ែន)៖ តុលាការយោធានៃប្រទេសបារ៉ែន បានផ្ដន្ទាទោសប្រហារជីវិតបុរស០៦នាក់ជាអ្នកកាន់និកាយស៊ីអ៊ីត និងដកសិទ្ធិជាពលរដ្ឋរបស់ពួកគេ បន្ទាប់ពីពួកគេត្រូវបាន កាត់ទោសពីបទបង្កើតបណ្ដាញភេរវកម្ម និងរៀបចំគំរោងសម្លាប់មេបញ្ជាការយោធាបារ៉ែនម្នាក់។ នេះបើតាម BNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារសារព័ត៌មានបារ៉ែន BNA តុលាការយោធាបារ៉ែន ក៏បានផ្ដន្ទាទោសមនុស្ស០៧នាក់ ឱ្យជាប់ពន្ធនាគារម្នាក់០៧ឆ្នាំ និងដកសិទ្ធិជាពលរដ្ឋរបស់ពួកគេ ផងដែរ ខណៈមនុស្ស០៥នាក់ផ្សេងទៀតត្រូវបានលើកលែងទោស។  បន្ថែមពីលើនេះ BNA បានឱ្យដឹងទៀតថា បុរស១៨នាក់ នៅក្នុងសំណុំរឿងខាងលើ មាន០៨នាក់ ដែលត្រូវបានកាត់ទោសកំបាំងមុខបានរត់ភៀសខ្លួនទៅកាន់ប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ប៉ុន្តែគេមិនទាន់ច្បាស់ថាអ្នកទាំងនេះត្រូវកាត់ទោសប្រហារជីវិតដែរឬយ៉ាង ណានោះទេ។

គួររំលឹកថា កាលពីថ្ងៃមករាកន្លងទៅ តុលាការបារ៉ែន បានកាត់ទោសប្រហារជីវិតបុរសជាអ្នកកាន់និកាយស៊ីអ៊ីត ០៣នាក់ ពីបទសម្លាប់ប៉ូលិល០៣នាក់ ក្នុងនោះរួម មានទាំងប៉ូលិសម្នាក់មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០១៤៕