(ដាកា)៖ កងទ័ពការពារ​ព្រំដែនរបស់ឥណ្ឌា​ចំនួន ០៣នាក់ ត្រូវបានអាជ្ញាធរ​ព្រំដែនបង់ក្លាដែស​ចាប់​ឃាត់ខ្លួន ក្រោយពីពួកគេ​បាន​ឆ្លង​ចូលមកទឹកដីបង់ក្លាដែស​ដោយ​អចេតនា តាមតំបន់មួយ​នៅក្នុងស្រុក រ៉ាចហ្សាហ៊ី (Rajshahi) របស់ប្រទេសបង់ក្លាដែស ចម្ងាយ​ ២៥៦​គីឡូ​ម៉ែត្រ​​ភាគ​ខាង​លិច​ទីក្រុងដាកា។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។

មន្រ្តីនៃកងការពារ​ច្រកព្រំដែន​​បង់ក្លាដែស (BGB) បានប្រាប់​ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ ថា សមាជិកទាំង ០៣នាក់ នៃកងកម្លាំងសន្តិសុខ​​ព្រំដែន​ប្រទេសឥណ្ឌា បានទន្រ្ទាន​ចូលមកក្នុងទឹកដីបង់ក្លាដែស ចម្ងាយប្រមាណជា ០១គីឡូម៉ែត្រ នាព្រឹកថ្ងៃចន្ទនេះ។ បើតាម​ប្រភព​​​​​ពី​​មន្រ្តីរូបនេះ​ដដែល កងទ័ពឥណ្ឌាទាំង ០៣នាក់នោះ បានបកស្រាយ​ប្រាប់កម្លាំង BGB ថានៅ​ពេល​ដែល​​កំពុង​ដេញ​តាម​​ក្រុម​អ្នក​រត់​​ពន្ធ​​សត្វគោ-ក្របី ដោយឆ្លងកាត់​កន្លែងចុះអ័ព្ទ​ក្រាសឃ្មឹក ពួកគេក៏​បានវង្វេងផ្លូវ ហើយច្រឡំ​ចូល​​មក​ក្នុង​ទឹក​ដី​​បង់​ក្លា​ដែស​តែ​ម្តង​​ទៅ។

គួរជម្រាបថា ខណៈ​ពេលនេះ អាជ្ញាធរបង់ក្លាដែស កំពុងព្យាយាម​បញ្ជាក់ឲ្យបាន​ច្បាស់ពីហេតុការណ៍​នេះ ខណៈកងទ័ព​ការពារ​ព្រំដែនឥណ្ឌា​ទាំង ០៣រូប នឹងត្រូវបញ្ជូន​ទៅឲ្យកងកម្លាំងការពារ​ព្រំដែន​ឥណ្ឌាវិញ៕