(ប៉ាឡេស្ទីន)៖ រដ្ឋមន្ត្រីការបរទេស​ប៉ាឡេស្ទីន លោក រីយ៉ាដ អាល់ ម៉ាលីគី (Riyad al-Maliki) បាន​និយាយថា ប៉ាឡេស្ទីននឹង​ស្នើសុំចូលជា​សមាជិកពេញសិទ្ធិ របស់អង្គការ​សហប្រជាជាតិ ក្នុងពេល​ឆាប់ៗនេះ ខណៈបច្ចុប្បន្នប៉ាឡេស្ទីន​គ្រាន់តែ​ជា រដ្ឋអង្កេតការណ៍​មួយតែប៉ុណ្ណោះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។

លោក Riyad al-Maliki ថ្លែងបែបនេះ នៅក្នុងជំនួប​ជាមួយជារដ្ឋមន្ត្រីការបរទេស​ម៉ាល់តា លោក ខាមេឡូ អាបេឡា (Carmelo Abela) ក្នុងទីក្រុង បេសឡេហេម (Bethlehem) នៃតំបន់ West Bank ដែនដី​ប៉ាឡេស្ទីន កាលពី​ថ្ងៃអាទិត្យ។ ថ្លែងនាឱកាស​នោះដែរ លោក Riyad al-Maliki បានលើកឡើង​ដូច្នេះថា «ការបោះឆ្នោត​នាពេលថ្មីៗនេះ នៅឯមហា​សន្និបាតអង្គការ​សហប្រជាជាតិ គឺជាជ័យជម្នះ​មួយសម្រាប់​ប៉ាឡេស្ទីន ហើយគឺជា​បរាជ័យសម្រាប់​សហរដ្ឋអាមេរិក ក៏ដូចជា​បង្ហាញយ៉ាង​ច្បាស់​ពីនយោបាយ​លំអៀងរបស់ ទីក្រុង​វ៉ាស៊ីនតោន​ទៅរក​អ៊ីស្រាអែល»

គួររំលឹកថា កាលពី​ថ្ងៃទី២១ ខែធ្នូ មហាសន្និបាត​អង្គការ​សហប្រជាជាតិ បានអនុម័ត​លើដំណោះស្រាយ​មួយ ដោយស្នើឱ្យ​សហរដ្ឋអាមេរិក លុបចោល​ការសម្រេច​ចិត្តទទួល ស្គាល់ទីក្រុង​ហ្សេរុយសាឡឹម​ជារដ្ឋធានី​អ៊ីស្រាអែល ហើយក្នុងការ​បោះឆ្នោតនេះមាន ១២៨ប្រទេសគាំទ្រ ០៩ប្រឆាំង និង ៣៥អនុប្បវាទ៕