(ម៉ានីល)៖ ព្យុះត្រូពិក ក្នុងតំបន់ភាគខាងត្បូងប្រទេស ហ្វីលីពីន បានបង្កជាហេតុការណ៍បាក់ដី និងគ្រោះទឹកជំនន់ ដែលបានឆក់យកជីវិតមនុស្សកើនឡើងជាង២០០នាក់ ខណៈដែលមួយចំនួនទៀតបានបាត់ខ្លួន នេះបើយោងតាមការលើកឡើងរបស់ប៉ូលីស និងមន្ត្រីគ្រោះធម្មជាតិដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧នេះ។

អ្នកស្លាប់ទាំងអស់រស់នៅកោះ Mindanao ភាគខាងត្បូង ហើយក្នុងនោះដែរ មានខេត្តចំនួនបីដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។ មន្ត្រីគ្រោះធម្មជាតិបានឱ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនបាន ព្រងើយកន្តើយចំពោះការ ព្រមានទុកជាមុន ដែលជំរុញឱ្យពួកគេជម្លៀសចេញពីតំបន់ឆ្នេរ និងតំបន់ក្បែរអាងទន្លេ ហេតុនេះទើបបានជាមានមនុស្សស្លាប់ច្រើនបែបនេះ៕