(អាមេរិក)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា គណនីប្រឆាំង​រដ្ឋាភិបាល សរុបចំនួន ១៤៩គណនី ត្រូវបានក្រុមហ៊ុន Facebook យល់ព្រមលុបចេញពី​បណ្តាញរបស់ខ្លួនតែម្តង ក្រោយពី​ទទួលបាន​សំណើជាផ្លូវការ ពីរដ្ឋាភិបាលទីក្រុងហាណូយ។ នេះបើតាមការដកស្រង់​ការផ្សាយ​ចេញ​ពី​សារព័ត៌មានវៀតណាម​ VN Express នារសៀល​ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧។

សម្រាប់គណនី ដែលត្រូវលុបចេញពីបណ្តាញ​សរុបចំនួន ១៥៩ ខាងលើនេះ គឺត្រូវបាន​រដ្ឋាភិបាល​វៀតណាមបញ្ជាក់ទៅក្នុងសំណើទៅកាន់ ការិយាល័យក្រុមហ៊ុន Facebook ថា «ជាគណនីដែលមាន​សកម្មភាពរិះគន់ និងបង្ខូចឈ្មោះថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម ហើយក៏មានការផ្សព្វផ្សាយ​ព័ត៌មានប្រឆាំងរដ្ឋាភិបាល និងបក្សកុម្មុយនិស្តវៀតណាមថែមទៀតផង»។ នេះបើតាម​សម្តី​របស់លោក Truong Minh Tuan រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវៀតណាម។

គួរបញ្ជាក់ថា ក្រៅពីគណនីប្រឆាំងរដ្ឋាភិបាលវៀតណាមទាំង ១៥៩ ខាងលើនេះត្រូវបានបណ្តាញ​សង្គម Facebook យល់ព្រមបិទចោល (Disabled) នោះ គណនីក្លែងក្លាយចំនួន ១០៧ និងទំព័រលក់ផលិតផលក្លែងក្លាយ​ចំនួន ៣៩៤ ទៀតនៅលើ Facebook ក៏ត្រូវបានបិទចោល​ផងដែរ។ រដ្ឋមន្ត្រី​ក្រសួង​​ទំនាក់ទំនង និងព័ត៌មានវៀតណាម បានបង្ហាញការ​ប្តេជ្ញាទៀតថា នឹងបន្តលុប​បំបាត់ទង្វើបំពាន​ច្បាប់​តាមបណ្តាញសង្គមនេះ ឲ្យកាន់តែខ្លាំងក្លា​ទៅមុខទៀត៕