(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាមនុស្ស៣៧នាក់ បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យមួយដែលបានឆាបឆេះផ្សារទំនើបមួយកន្លែង នៅក្នុងទីក្រុងដាវ៉ៅ ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមក្រុមអាជ្ញាធរនៅក្នុងតំបន់ ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើពេលជាច្រើនម៉ោង ដើម្បីពន្លត់អណ្ដាតភ្លើងឆាបឆេះដំបូងកាលពីព្រឹកថ្ងៃសៅរ៍ នៅជាន់ទី០៣ និង បានរាលដាលដល់ជាន់ដទៃទៀត ដោយបណ្ដាលឱ្យបុគ្គលក្នុងផ្សារទំនើបនេះជាច្រើននាក់ជាប់គាំងមិនអាចចេញទៅណារួច។ អាជ្ញាធរបានបន្ថែមទៀតថាជនរងគ្រោះ ទំាង៣៧នាក់ភាគច្រើនជាបុគ្គលិកនៅផ្នែកផ្ដល់ព័ត៌មាន។ «ឱកាសអ្នកនៅរស់រាន្តមានជីវិតគឺស្ថិតនៅក្នុងកំរិតសូន្យ»។ នេះគឺជាការលើកឡើងរបស់មន្ត្រីម្នាក់នៅក្នុងតំបន់ ខណៈមនុស្ស០៦នាក់ ត្រូវបានគេជួយសង្រ្គោះនិងបញ្ជូនទីកាន់មន្ទីពេទ្យ។

គួរបញ្ជាក់ថា មូលហេតុនៃគ្រោះអគ្គិភ័យនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ រីឯប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ ក៏បានជួបជាមួយគ្រួសារ សាច់ញាតិជនរងគ្រោះផងដែរ។ ទីក្រុងដាវ៉ៅស្ថិតនៅចំងាយ៨០០គីឡូម៉ែត្រ ពីទីក្រុងម៉ានីល៕