(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែល​ជាអ្នកគាំទ្រ​ប៉ាឡេស្ទីនយ៉ាងពេញជំហរនោះ បានធ្វើការរិះគន់ដោយឥតសម្ចៃមាត់​បន្តិចនោះឡើយ ចំពោះ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមកត់ឈ្មោះ និងផ្តាច់ជំនួយចំពោះប្រទេសណាក៏ដោយ នៅក្នុងអង្គការសហប្រជាជាតិ (UN) ដែលហ៊ាន​បោះឆ្នោតប្រឆាំងអាមេរិក លើបញ្ហាទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧។

លោក Erdogan បានថ្លែងពីរដ្ឋធានីអង់ការ៉ា ដោយពាក្យសម្តីធ្ងន់ៗ​កម្រមានថា «លោក ត្រាំ! អ្នកមិនអាចទិញប្រជាធិបតេយ្យពីតួកគី ដោយលុយដុល្លារ​របស់អ្នកបានទេ។ ខ្ញុំសូម​អំពាវនាវ​ទៅកាន់ពិភពលោក​ទាំងមូល! សូមកុំលក់ឧត្តមគតិ និងប្រជាធិបតេយ្យរបស់អ្នក ដោយសារតែ​លុយដុល្លារ​បន្តិចបន្តួចនោះឲ្យសោះ។ ខ្ញុំសង្ឃឹមថា អាមេរិកនឹងមិនទទួល​បានផល ដូចដែលខ្លួនគិតទុក​នៅថ្ងៃនេះទេ ហើយពិភពលោក និងផ្តល់មេរៀនល្អ​មួយឲ្យអាមេរិក»

ថ្លែងនៅចំពោះ​មុខអ្នកសារព័ត៌មាន​​​កាលពី​ថ្ងៃពុធ (ម៉ោងនៅ​សហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់​​យ៉ាងដូច្នេះថា «ពួកគេបាន​ទទួល​យកលុយ​រាប់លាន និងរាប់ពាន់លានដុល្លារ​​ពីសហរដ្ឋអាមេរិក តែពួកគេបែរ​ជា​ចង់បោះឆ្នោតប្រឆាំងនឹងពួកយើង​ទៅវិញ... មិនអីទេ​ឱ្យពួកគេបោះឆ្នោតប្រឆាំង​នឹងពួកយើងចុះ ព្រោះថា​វានឹងធ្វើ​ឱ្យយើងសន្សំ​សម្ចៃ​បានកាន់តែច្រើន ហើយយើង​មិនខ្វល់​នោះទេ»។ ការសម្រេចចិត្តទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល​បានបង្កជា​ការរិះគន់ និងថ្កោលទោស​យ៉ាងខ្លំាង​ពីអន្តរជាតិ ជាពិសេស​គឺបណ្ដាប្រទេស​អ្នកកាន់សាសនា​អ៊ីស្លាមភាគ​ច្រើន។

គួរបញ្ជាក់ថា មហាសន្និបាត​អង្គការសហប្រជាជាតិមាន​សមាជិក ១៩៣ប្រទេស បានបើក​កិច្ចប្រជុំ បន្ទាន់មួយ​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ដើម្បីពិភាក្សា​លើការទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល។ ចំណែកឯ​ការព្រមានរបស់ លោក ត្រាំ កើតមានឡើង ខណៈគេរំពឹងថា នៅក្នុងកិច្ចប្រជុំនេះ​មហាសន្និបាត​នឹងបោះឆ្នោត​គាំទ្រ​ លើ​ដំណោះស្រាយ​ថ្កោលទោស ក៏ដូចជាអំពាវនាវ​ឱ្យសហរដ្ឋអាមេរិក លុបចោលការ​សម្រេចចិត្ត​នេះវិញ៕