(អូស្រ្តាលី)៖ បំណែកនៃនាវាមុជទឹកដំបូងរបស់អូស្ត្រាលី ដែលបានបាត់ដំណឹងកាលពី១០៣ឆ្នាំមុន ត្រូវបានរកឃើញវិញហើយ នេះបើយោងតាមសេចក្តីប្រកាសរបស់កងនាវាជើងទឹកអូស្ត្រាលី នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។

នាវាមុជទឹកឈ្មោះ HMAS AE1 ត្រូវបានរកឃើញនៅក្បែរ កោះ York ក្នុងប្រទេស ប៉ាពូញ៉ូវគីនេ។  នាវាមុជទឹកនេះ ត្រូវបានបាត់ដំណឹងជាមួយនឹងនាវិក អូស្រ្តាលី និងអង់គ្លេសចំនួន ៣៥នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩១៤ ក្បែរប្រទេស ប៉ាពូញ៉ូវគីនេ ដោយគ្មានការផ្តល់សញ្ញាសុំជំនួយឡើយ។

នេះជាការបាត់ដំណឹងនាវាអូស្ត្រាលីជាលើកដំបូង ក្នុងសម័យសង្គ្រាមលោកលើកទីមួយ។ ការបាត់ដំណឹងនាវាមុជទឹកទម្ងន់៨០០តោននេះ ក្លាយជារឿងរ៉ាវដ៏អាថ៌កំបាំងបំផុតក្នុងប្រវត្តិសាស្ត្រយោធាអូស្ត្រាលី ដោយកាលនោះបេសកកម្មស្វែងរកនាវាចំនួន១២ផ្សេងគ្នា ត្រូវបានចេញប្រតិបត្តិការស្វែងរក ប៉ុន្តែបែរជាមិនទទួលបានផលអ្វីទំាងអស់៕