(សេអ៊ូល)៖ កូរ៉េខាងជើង​បានច្រានចោល​ ពាក្យចចាមអារ៉ាម នៅលើ​បណ្ដាប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែលចោទប្រកាន់​ថា ទីក្រុង​ព្យុងយ៉ាង​កំពុងផលិត ក៏ដូចជារៀបចំ​សង្រ្គាម​អាវុធគីមី។ សម្រាប់​ទីក្រុង​ព្យុងយ៉ាង ពាក្យចចាម​អារ៉ាមនេះ គ្រាន់តែជាលែស​ដែលសហរដ្ឋអាមេរិក​ ប្រើប្រាស់​ដើម្បី​វាយប្រហារលើ​ខ្លួនតែ​​ប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ចេញផ្សាយកាលពីថ្ងៃពុធ ស្ថានីយ​ទូរទស្សន៍រដ្ឋ​កូរ៉េខាងជើង KCNA បាន​បញ្ជាក់ដូច្នេះថា «កូរ៉េខាងជើង​គឺជារដ្ឋមួយនៃ​អនុសញ្ញាស្ដីពីអាវុធគីមី... ដូច្នេះ​ទីក្រុងព្យុងយ៉ាង​តែងតែរក្សាជានិច្ច​ នូវគោលជំហរ​ប្រឆាំងជំទាស់​នឹងការអភិវឌ្ឍ ការស្ដុកទុក និងការកាន់កាប់​អាវុធគីមី។ មួយវិញទៀត​យើងយល់ថា ការបង្កើតពាក្យ​ចរចាមអារ៉ាមទាំង​នេះ គ្រាន់តែជាលែសដែល​សហរដ្ឋអាមេរិក ចង់ប្រើវា​ដើម្បីវាយប្រហារ​លើកូរ៉េខាងជើង ដូចពួកគេធ្លាប់​បានធ្វើនៅអ៊ីរ៉ាក់​កាលពីឆ្នាំ២០០៣ និងនៅស៊ីរី​​កាលពី​ខែមេសា ឆ្នាំ២០១៧ តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា ខណៈស្ថានភាព​នៅលើ​ឧបទ្វីបកូរ៉េ កំពុងតានតឹងស្រាប់ ប៉ុន្មានថ្ងៃចុង​ក្រោយ​មានសេចក្ដីរាយការណ៍​ជាច្រើន​ថា កូរ៉េខាងជើង​កំពុងផលិត​អាវុធគីមី​សំដៅ បំពាក់លើមីស៊ីល​ឆ្លងទ្វីប ICBM ដែលខ្លួនអះអាង​ថា អាចបាញ់ដល់គ្រប់ដីគោក​ទាំងអស់ របស់សហរដ្ឋអាមេរិក៕