(វ៉ាស៊ីនតោន)៖ រយៈពេលជិត ០១ឆ្នាំ បន្ទាប់ពីឡើង​កាន់អំណាច កម្រិត​ប្រជាប្រិយភាព​​នៅក្នុង​ចំណោម​មហាជន​អាមេរិក​របស់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្លាក់ចុះ​យ៉ាងគំហុក ហើយទំនងជា​នឹងបន្តដាំក្បាល​ថែមទៀត ដែល​ប្រការ​នេះ​​អាច​នឹង​ក្លាយ​ជាដំណឹងល្អរបស់​​​បក្សប្រជាធិបតេយ្យ ស្របពេលដែល​អ្នកបោះឆ្នោត កំពុង​ទន្ទឹង​រង់​ចាំ​​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​​អាណត្តិ​​នា​ឆ្នាំ​ក្រោយ​នេះ ហើយ​​​អ្នកមាន​ឈ្មោះបោះឆ្នោតជិត ៥០ភាគរយ បានអះអាងថា ពួកគេចង់ឲ្យ​បក្សប្រជាធិបតេយ្យ​​​គ្រប់​គ្រង​​សភា ធៀបនឹង ៤១ភាគ​រយ ដែលគាំទ្របក្សសាធារណរដ្ឋរបស់ លោក ត្រាំ។ នេះបើតាម​ការចេញ​ផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃ​ពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

បើតាមលទ្ធផល​នៃការស្ទង់មតិមួយ​របស់ស្ថានីយ​ទូរទស្សន៍ CNN ចេញផ្សាយ​នាសប្តាហ៍នេះ​ មានតែប្រជាជន​​អា​មេ​រិក​ត្រឹម ​៣៥​ភាគ​រយ​ប៉ុណ្ណោះ ដែល​ជឿជាក់ថា លោក ដូណាល់ ត្រាំ កំពុងបំពេញតួនាទី​យ៉ាងល្អ​ ក្នុងនាមជាប្រធានាធិបតី​របស់ពួកគេ ខណៈសំឡេង ​៥៩ភាគរយ បានឆ្លើយថាមិនល្អឡើយ។

ការស្ទង់មតិ​ខាងលើ ដែលត្រូវបានធ្វើឡើង​ទៅលើ​ពលរដ្ឋអាមេរិក​វ័យកណ្តាល​ ចំនួន ១,០០១នាក់ នៅទូទាំងប្រទេស​ចាប់ពីថ្ងៃទី​១៤​ ដល់​ថ្ងៃទី១៧ ខែធ្នូ ក៏មានលទ្ធផល​ស្របទៅនឹង​ការស្ទង់មតិ​ដទៃទៀត ដែលត្រូវបាន​ចេញផ្សាយ​ កាលពីពេលថ្មីៗ​នេះ​ផងដែរ ដោយនេះ​គឺជាសញ្ញា​បង្ហាញពីការបាត់បង់​ នៃសំឡេងអ្នកគាំទ្រ​ចំពោះ លោក ត្រាំ ដោយនា​ពេលនេះ អ្នកគាំទ្របក្ស​សាធារណ​រដ្ឋ​តែ ៧៦ភាគរយ​ប៉ុណ្ណោះ ដែលគាំទ្រ​ការបំពេញ​តួនាទី​របស់ លោក ត្រាំ ដែលធ្លាក់ចុះពី ៨៤ភាគរយ កាលពី​ខែកុម្ភៈ។

គួរជម្រាបថា ស្របពេល​ដែលកម្រិតប្រជាប្រិយភាព​របស់ លោក ត្រាំ បានធ្លាក់ចុះខ្លាំង​បែបនេះ​ក៏ដោយ បើងាកទៅមើល​កម្រិត​ប្រជាប្រិយភាព​របស់បក្សសាធារណរដ្ឋ​នៅក្នុងសភាវិញ គឺកាន់តែធ្ងន់ធ្ងរ​ថែមទៀត ពោលគឺ​បាន​ដាំ​ក្បាល​ចុះ​រហូត​​ដល់​ ២៩​ភាគ​រយ ខណៈទោះបី​មន្រ្តីបក្ស​សាធារណរដ្ឋ ជាអ្នកគ្រប់គ្រង​សភាទាំងពីរ​ជាន់ថ្នាក់ក៏ដោយ ពួកគេពុំបាន​ទទួល​ជោគជ័យ គួរ​ឲ្យ​កត់​សម្គាល់ណា​មួយ ពាក់ព័ន្ធ​នឹង​ច្បាប់របស់ប្រទេសជាតិ​នោះឡើយ៕