(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស បានចាប់​ផ្ដើមធ្វើសកម្មភា​ពប្រឆាំងនឹង​ការប៉ុនប៉ង វាយប្រហារភេរវកម្ម​នៅក្នុង​ចក្រភព​អង់គ្លេស នៅអំឡុងបុណ្យ​ណូអែល​ខាងមុខនេះ ហើយ ក្នុងប្រតិបត្តិការ​នេះ បុរសបួននាក់ហើយត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ​នៅក្នុងតំបន់ South Yorkshire និង Derbyshire។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅពុធថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមប៉ូលិល​ប្រឆាំងភេរវកម្ម​អង់គ្លេស ជនសង្ស័យទាំងបួននាក់​ខាងលើ​មានអាយុ ៣១, ៣៦, ២២ និង៤១ឆ្នាំ។ អ្នកទាំងនេះត្រូវបាន​ចាប់ខ្លួន ក្រោមបទសង្ស័យថា មានជាប់​ពាក់ព័ន្ធនឹងសកម្មភាព​ញុះញង់ រៀបចំ និងប៉ុនប៉ង​ធ្វើសកម្មភាព​ភេរវកម្ម អនុឡោមតាម​ច្បាប់ប្រឆាំង​ភេរវកម្ម កាលពីឆ្នាំ២០០០។ ប៉ុន្តែយ៉ាងណា​ក៏ដោយ ប៉ូលិស អង់គ្លេសមិនទាន់​បានបញ្ជាក់​លម្អិត ពីព័ត៌មានបន្ថែម​ទាក់ទិននឹង​ជនសង្ស័យ​ទំាងនេះ នៅឡើយទេ ខណៈពួកគេ​កំពុងស្ថិតនៅក្រោម​ការសួរចម្លើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាល​អឺរ៉ុបនានា បាននិងកំពុងរឹតបន្តឹង​សន្តិសុខយ៉ាងខ្លាំង ដើម្បីទប់ស្កាត់​ការវាយប្រហារ​ភេរវកម្ម ដែលអាចនឹងកើត​មានឡើងនៅអំឡុង​ពិធីបុណ្យណូអែល ឬគ្រិស្មាក់​បន្ទាប់ពី​ពួក ISIS បានអំពាវនាវឱ្យ​ក្រុមអ្នកប្រយុទ្ធ​របស់ខ្លួន​ធ្វើសកម្មភាពវាយប្រហារ ប្រឆាំងនឹង​ប្រទេសលោក​ខាងលិច ជាការសងសឹង​ទៅបរាជ័យ​របស់ពួកគេ នៅក្នុង​ប្រទេសស៊ីរី និងអ៊ីរ៉ាក់៕