(ប៉េកាំង)៖ ក្រុមអ្នកជំនាញចិន​មានការជឿជាក់ថា សហរដ្ឋអាមេរិក កំពុងតែប្រើប្រាស់​កូរ៉េខាងជើង ធ្វើជាលែស​ដើម្បីអាចដាក់​ពង្រាយ​សព្វាវុធថែមទៀត ក្រោមគោល​បំណងពិត គឺទប់ទល់មហិច្ឆតា​យោធារបស់​ទីក្រុងប៉េកាំង នៅក្នុងតំបន់​​ប៉ាស៊ីហ្វិក។ នេះ​បើតាម​ការចេញ​ផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

សារព័ត៌មាន​ចិន South China Morning Post បាន​រាយការណ៍ថា អាមេរិក​ទំនង​ជាកំពុងគ្រោង​បញ្ជូន​​នាវាដឹកយន្ត​ហោះ​​ចម្បាំង​​ ចន្លោះ​ពី ០៤ ទៅ ០៦ក្រុម មកកាន់​តំបន់​ប៉ាស៊ីហ្វិក ក្រោមហេតុផល​ទប់ទល់នឹងការគម្រាម​កំហែង កាន់តែកើន​ឡើងរបស់​កូរ៉េ​ខាង​ជើង​ ក្រោយពីការធ្វើ​តេស្តអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង​នាពេល​កន្លងទៅ។

មេបញ្ជាការ​ប្រតិបត្តិការ​ជើងទឹក​អាមេរិក លោក​ឧត្តមនាវីឯក John Richardson បានថ្លែងថា «យើងនឹងបន្ត​ធានាថា ពួកយើង​នឹង​មានសព្វាវុធ​គ្រប់គ្រាន់ ដើម្បីបំពេញ​តម្រូវការ​នៃបេសកកម្ម​របស់យើង​នៅទីនេះ គឺក្នុងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក។​ ​ពួកវា​អាច​ជា​អ្វី​​ដែលមក​ពីកងអង្គភាពទី ០៣ ឬក៏​អ្វីៗដែលត្រូវ​តាមតម្រូវការ​ទាំងនោះ»។ លោកមិនបានរៀបរាប់​បញ្ជាក់ថា តើនៅ​ពេល​ណា ឬ​ក៏នាវា​ចម្បាំងប៉ុន្មាន​គ្រឿង នឹងត្រូវបានបញ្ជូន​មកនោះ​ឡើយ។

យ៉ាងណាមិញ ​អ្នកវិភាគយោធាចិន​មួយចំនួនរួម​មាន លោក Song Zhongping មានការយល់​ឃើញថា ការបោះជំហ៊ាននេះ ប្រហែលជា​មានគោលដៅលើ​វត្ត​មានយោធាចិន​នៅក្នុងតំបន់​ទៅវិញទេ។​ លោក Song បាន​និយាយថា «យោធា​ជើង​ទឹក​ព្រម​ទាំង​ទ័ព​អាកាសចិន នឹង​ប្រឈមមុខជា​មួយបញ្ហាដែលពុំធ្លាប់​ជួប​​ប្រទះ​ពីមុនមកឡើយ ប្រសិនបើ​សហរដ្ឋអាមេរិក ពង្រឹងការដាក់​ពង្រាយ​​យោ​ធា​​របស់ខ្លួន នៅភាគខាងលិចប៉ាស៊ីហ្វិក ពីព្រោះ​ថា​​​​មន្ទីរបញ្ចកោណ ទំនងជានឹងបញ្ជូន​នាវាដឹកយន្តហោះ​​ចម្បាំង​ពី​០៤ ទៅ ០៦ក្រុមបន្ថែមទៀត មកកាន់តំបន់នេះ»

អ្នកជំនាញរូបនេះ បានប៉ាន់ប្រមាណថា ប្រសិនបើក្រសួង​ការពារជាតិអាមេរិក ពិតជាមានបំណង​ធ្វើប្រតិបត្តិការយោធា​ប្រឆាំង ​នឹង​កូរ៉េខាងជើងនោះ ខ្លួននឹងត្រូវការ​នាវាដឹកយន្តហោះ​ចម្បាំង ០៤ ទៅ ០៦ក្រុម នៅក្នុងតំបន់ ខណៈសហរដ្ឋអាមេរិក បច្ចុប្បន្នមាន​ត្រឹម​០៣គ្រឿងប៉ុណ្ណោះ។

ទស្សនៈរបស់លោក Song ក៏ដូចទៅនឹងអ្នកវិភាគ​ម្នាក់ទៀត គឺលោក Li Jie ដែលយល់ឃើញ​ដូចគ្នាថា អាមេរិកតាមពិត​​ទៅ​ប្រហែល​មានគោលដៅ​មកលើ​ប្រទេសចិន។ លោក Li បានលើក​ឡើងថា «សហរដ្ឋអាមេរិក កំពុងទទួលរងសម្ពាធ តាម​រយៈ​ការ​​ឈរមើល​​​កងទ័ពជើងទឹក និងអាកាសចិន រីកចម្រើនឡើង​យ៉ាង​ឆាប់រហ័ស​»