(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ី​បាននិយាយថា បានឃុំខ្លួនបុរសជនជាតិ​ណ័រវ៉េ​ម្នាក់ឈ្មោះ Frode Berg ពីបទសង្ស័យថា មានជាប់ពាក់ព័ទ្ធនឹង​ការធ្វើចារកម្ម ខណៈតុលាការ​ទីក្រុងម៉ូស្គូ បានសម្រេច​ចិត្តឃុំខ្លួនបុរស​រូបនេះ រហូតដល់​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាម​អ្នកនាំ​ពាក្យតុលាការ​ក្រុងម៉ូស្គូ ដលស្រង់ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី លោក Frode Berg មានអាយុ ៦២ឆ្នាំ ជាអតីតមន្ត្រី​ព្រំដែន​ម្នាក់​ ត្រូវបានចោទ​កាន់ថា បានកាន់កាប់ឯកសារ​សម្ងាត់ស្ដីពីកង​នាវារុស្ស៊ី ហើយមិនតែ​ប៉ុណ្ណោះអាជ្ញាធរ​រុស្ស៊ី ក៏បានអះអាងដែរថា លោក Berg មានទំនាក់​ទំនងជាមួយជន​ជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានចាប់ខ្លួន​កាលពីខែមុន​ពីទោស​ក្បត់ជាតិ។ ប៉ុន្តែមកទល់នឹង​ពេលនេះ លោក Berg មិនទាន់ធ្វើអត្ថាធិប្បាយ​ជាសាធារណៈ​អ្វី​នៅឡើយ​នោះទេ ចំពោះការចោទ​ប្រកាន់នេះ។

គួរបញ្ជាក់ថា បើតាមក្រុម​គ្រួសាររបស់ លោក Berg ពួកគេបាន​ទទួលដំណឹង​ពីលោកកាលពី​ជាង ០២សប្ដាហ៍មុន នៅពេលដែល​ផ្ញើរូបថត​របស់លោកថត​ទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ។ ចំណែកឯ រដ្ឋមន្ត្រីការ​បរទេសណ័រវ៉េ ក៏បានឱ្យដឹង​ដែរថា ខ្លួន បានទាក់ទង​ជាមួយជនជាតិ​ណ័រវ៉េ​ម្នាក់ ដែលជាប់ឃុំនៅរុស្ស៊ី​ តែមិនបានបញ្ជាក់អ្វី​លម្អិតនោះ ស្របពេល​ទំនាក់ទំនងនៅ​តាមតំបន់ព្រំដែន​រវាងណ័រវ៉េ និងរុស្សី កំពុងមានភាពតាន​តឹង​ ក្រោយរុស្ស៊ីបង្កើត​ឧបសម្ព័ន្ធគ្រីមមៀ​កាលពី​ឆ្នាំ២០១៤៕