(យេម៉ែន)៖ ក្រុមឧទ្ទាម​ហួធី នៅក្នុងប្រទេស​យេម៉ែន​បានអះអាងថា ពួកគេបាន​ផ្លោងគ្រាប់​មីស៊ីល សំដៅទៅកាន់រាជវាំង ស្ថិតនៅក្នុងរដ្ឋធានីរីយ៉ាដ របស់ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយគ្រាប់​មីស៊ីល​ទាំង​នោះ ក៏ត្រូវបានបាញ់​ស្ទាក់ផងដែរ។ នេះបើតាម​ការចេញផ្សាយព័ត៌មាន នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។

សាក្សីដែលបានឃើញ​ហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា ពួកគេបានលឺសំឡេង​ផ្ទុះយ៉ាង​កក្រើក ហើយផ្សែងខ្មួលខ្មាញ់ ក៏ផុសឡើងក្នុងផ្ទៃមេឃតែម្តង ដែលជាសញ្ញាបញ្ជាក់ថា ជាគ្រាប់មីស៊ីល​​បានប៉ះទង្គិចគ្នា នាំឲ្យផ្ទុះយ៉ាងខ្លាំងក្លាលើផ្ទៃអាកាស។ ក្រុមហួធីបានអះអាងថា ពួកគេបានបាញ់មីស៊ីលប្រភេទ Burkan-2 សំដៅទៅកាន់រាជវាំង Yamama របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕