(អង់ការ៉ា)៖ ក្រោយពីសមាជិក​​ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ (UNSC) ចំនួន ១៥ប្រទេស មានតែសហរដ្ឋអាមេរិក​តែឯង វេតូ (ជំទាស់) នឹងសេចក្តីព្រាង​ដំណោះស្រាយ លើបញ្ហាពាក់ព័ន្ធ​រឿង​ទទួលស្គាល់​ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែលនោះ ឧបនាយករដ្ឋមន្ត្រី​​តួកគី លោក ប៊ែកឺ បូសដាច (Bekir Bozdag) បានធ្វើការរិះគន់ចំៗ​ចំពោះរដ្ឋបាល លោក ដូណាល់ ត្រាំ តែម្តងដោយចោទប្រកាន់ថា អ្វីដែលអាមេរិក​បានធ្វើ គឺផ្ទុយ​ទៅនឹងច្បាប់​អន្តរជាតិ។ នេះបើ​តាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។

លោក Bozdag បានបញ្ជាក់​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមិន​គួររក្សាជំហររបស់ខ្លួន ដែលផ្ទុយទៅនឹងច្បាប់​អន្តរជាតិនោះទេ។ អាមេរិកគួរតែសម្រេចចិត្តឲ្យត្រូវឡើងវិញ ឲ្យបាន​លឿនតាមដែលអាចធ្វើទៅបាន»។ លោកឧបនាយក​រដ្ឋមន្ត្រីតួកគី បានបន្តទៀតថា ប្រទេសតួកគីនឹង​បន្តតាមដានស្ថានការណ៍នេះ​ទៅមុខទៀត ហើយតួកគីទទួលស្គាល់​ និងរក្សាឋានៈរបស់​ហ្សេរុយសាឡឹម ជារដ្ឋធានី​របស់ប៉ាឡេស្ទីន។

នាថ្ងៃចន្ទ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) សមាជិក ១៤ប្រទេសផ្សេងទៀត នៃក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតក្នុង​សំឡេង​​គាំទ្រ ចំពោះដោះស្រាយ​ដែលព្រាងដោយ​ប្រទេសអេហ្ស៊ីបនេះ ក៏ប៉ុន្តែដោយសារ​សហរដ្ឋអាមេរិក ដែលជាសមាជិក​អចិន្រ្តៃយ៍​​របស់ UNSC មានអំណាចវេតូ សេចក្តីព្រាង​ក៏ទទួលបរាជ័យ មិនត្រូវ​បានអនុម័ត។

គួរជម្រាបថា ជាមួយគ្នានេះ​តំណាងចក្រភព​អង់គ្លេស បារាំង រួមទាំងចិន​ជាដើម បានលើកឡើងថា ស្ថានភាពរបស់​ហ្សេរុយសា​ឡឹម គួរតែកំណត់តាមរយៈការ​បើកកិច្ចចរចា​ ស្វែងរកដំណោះស្រាយ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយចុងក្រោយ​បំផុត​នោះ ​គឺថាទីក្រុងនេះ​គួរឲ្យ​តែក្លាយ​រដ្ឋធានីរួមរបស់​អ៊ីស្រាអែល និងប៉ាឡេស្ទីន៕