(សេអ៊ូល)៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានគ្រោងនឹង​ចេញបម្រាមលើការថតវីដេអូ ឬក៏ការថត​រូបសន្លឹក នៅក្នុងកន្លែង​ផ្ទះងូតទឹក​សា​ធារណៈ (Bathhouse), កន្លែងផ្លាស់ប្តូរ​សម្លៀកបំពាក់, និងបន្ទប់ទឹក ដើម្បីទប់ស្កាត់​បទល្មើស ដែលកើតចេញពីប្រព័ន្ធកាមេរ៉ា​លាក់​បាំង​ នៅតាមទីតាំង​ទាំងនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែ​ធ្នូ ឆ្នាំ២០១៧។

បើតាមសេចក្តី​ប្រកាសរបស់ក្រសួង​មហាផ្ទៃកូរ៉េខាងត្បូង សេចក្តីព្រាង​ច្បាប់ ដើម្បីការពារព័ត៌មាន​វីដេអូ-រូបភាពឯកជន​ខាងលើ ត្រូវបានអនុម័ត​នៅក្នុងអំឡុងកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី ហើយវានឹងត្រូវបញ្ជូន​បន្តទៅកាន់រដ្ឋសភា ដើម្បីធ្វើការសម្រេច​មួយដំណាក់​កាលទៀត។

គួរជម្រាបថា នៅក្រោម​សេចក្តីស្នើច្បាប់នេះ ការដំឡើង​ឧបករណ៍​ថតរូបភាព ឬវីដេអូគ្រាប់ប្រភេទ នៅតាមផ្ទះងូត​ទឹត ​ក៏ដូចជា​បន្ទប់ទឹកសាធារណៈ ព្រមទាំង​កន្លែងផ្លាស់​សម្លៀកបំពាក់ និង​កន្លែង​ដទៃៗ​ទៀត ដែលអាចមានសកម្មភាព​បំពាន​​សិទ្ធិឯកជន​ នឹងត្រូវហាម​ប្រាមជាដាច់ខាត។ ឧបករណ៍ដែល​ត្រូវជាប់​បម្រាមរួមមាន កាមេរ៉ា​សន្តិសុខ CCTV និងកាមេរ៉ា​ភ្ជាប់​អ៊ីនធើណែត ព្រមទាំងឧបករណ៍​ចល័ត​ដូចជា កាមេរ៉ាឌីជីថល, ស្មាតហ្វូន, និងឧបករណ៍​បំះពាក់លើខ្លួន​មួយចំនួនទៀត។

ជនណាដែល​ល្មើសនឹងច្បាប់​ខាងលើ អាចទទួលរងការពិន័យ​ជាទឹកប្រាក់​រហូតដល់ ៥០លានវ៉ុន ដែលស្មើនឹង ៥៦​,០០០ដុល្លារ៕