(ម៉ានីល)៖ ចំនួនមនុស្ស​​ស្លាប់បានកើនដល់​​យ៉ាងតិច ៣១នាក់ ដោយសារ​គ្រោះរអិលបាក់ និងទឹកជំនន់ ដែលបង្កឡើងដោយ​ព្យុះ​ត្រូពិក Kai Tak ដ៏មានឥទ្ធិពលមួយ ដែលបាននិងកំពុង​វាយប្រហារ ​ភាគកណ្តាល​ប្រទេស​ហ្វីលីពីន ចាប់តាំងតែពីថ្ងៃសៅរ៍​​កន្លងទៅមកម្ល៉េះ​។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Harry Roque បានឲ្យដឹងថា មនុស្សចំនួន ០៥នាក់ បានបាត់​បង់ជីវិត​នៅលើកោះ Leyte, ​​ម្នាក់នៅ​ខេត្ត Samar ខាងកើត, ០២នាក់​នៅលើកោះ Samar, និង ២៣នាក់នៅលើកោះ Biliran។ ថ្លែងក្នុងសន្និសីទ​កាសែត​មួយ​​នៅ​លើកោះ Biliran លោក Roque បានប្រាប់ថា «មកទល់ល្ងាច​ថ្ងៃចន្ទនេះ យើងមានមនុស្ស​បាត់ខ្លួនចំនួន ៤៩នាក់»

គួរជម្រាបថា ក្រៅពីមនុស្សរងគ្រោះថ្នាក់ ព្យុះកំណាចខាងលើ ក៏បានជះផល​ប៉ះពាល់​ដល់​គ្រួសារ​ប្រមាណ ៦២,៣០៩​គ្រួសារ​ ឬ​ស្មើនឹង ២៧០,៧០៧នាក់ផងដែរ៕