(ញូដេលី)៖ មនុស្សយ៉ាងតិច ១២នាក់​បានស្លាប់ និង ០៤នាក់ទទួល​រងរបួស នៅក្នុងគ្រោះ​អគ្គីភ័យ​ដ៏ធំមួយ​នៅហាងមួយកន្លែង​ ស្ថិតក្នុង​រដ្ឋធានីញូដេលី ភាគខាងជើង នៃប្រទេសឥណ្ឌា។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ​ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

មន្រ្តីប៉ូលិស​ជាន់ខ្ពស់ឥណ្ឌាម្នាក់​បានឲ្យដឹងថា ហេតុការណ៍​ខាងលើ​បានកើតឡើង​នៅហាងមានឈ្មោះថា Bhanu Farsan ជាប់​ផ្លូវ Khairani ក្នុងតំបន់ Naka-Kurla នៃទីក្រុង​ញូដេលី នាព្រឹកថ្ងៃចន្ទនេះ ហើយគ្រោះ​អគ្គីភ័យនោះ បានឆាបឆេះ​សម្ភារៈនានាយ៉ាង​សន្ធោ​សន្ធៅ និងបណ្តាលឲ្យ​​កម្មករមួយចំនួន​ជាប់​នៅក្នុងហាង។

អាជ្ញាធរដដែល​បានបន្តថា អណ្តាតភ្លើង​បានរីករាលដាល​យ៉ាងឆាប់រហ័ស ហើយក្នុងពេល​ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ហាងទាំងមូល​ត្រូវ​បានលេបត្របាក់​ទាំងស្រុង។ ខណៈមនុស្ស ១២នាក់ បានបាត់បង់ជី​វិតនៅហ្នឹងកន្លែង ដោយឡែកអ្នកដែលរងរបួស ត្រូវបានបញ្ជូន​​ទៅ​កាន់មន្ទីរពេទ្យ​ជាបន្ទាន់​ ដោយក្រុមពន្លត់អគ្គីភ័យ និងក្រុមអ្នក​ជួយសង្រ្គោះ។

ជាមួយគ្នានេះ កម្មករប្រមាណ ០៦នាក់ផ្សេងទៀត ត្រូវគេព្រួយបារម្ភថា ប្រហែលជា​អាចនៅកប់ក្រោម​គំនរបាក់បែក​ហាងនេះ ស្របពេលដែល​អគ្គីភ័យត្រូវបាន ពន្លត់ ១០០ភាគរយហើយ។ គួរជម្រាបថា ការស៊ើបអង្កេត ក៏ត្រូវបាន​បង្គាប់​​ឲ្យ​ធ្វើ​ឡើង​​ទៅ​លើ​សោកនាដកម្ម​នេះផងដែរ៕