(វ៉ាស៊ីនតោន)៖ ក្រោយគំរោងភេរវកម្មធំមួយរបស់បណ្តាញ ISIS ត្រូវបានបំបែក​ក្រោយពី​មានការជួយពី​អាមេរិកនោះ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក អាណតូលី អាន់តូណូវ (Anatoly Antonov) បាននិយាយថា ទំនាក់ទំនងរវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​សមភាគី​អាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេស​ទាំងពីរ​ចាំបាច់ត្រូវតែ​ប្ដេជ្ញាចិត្ត ចូលរួមក្នុងការ​ពង្រឹងសន្តិសុខ​អន្តរជាតិ។ នេះបើតាមការ​ចេញផ្សាយ ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ​ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

លោក Anatoly Antonov ថ្លែងបែបនេះ​នៅឯពិធីប្រារព្ធខួប​លើកទី ២១០ នៃទំនាក់ទំនង​ការទូតរុស្ស៊ី-អាមេរិក និងបន្ទាប់ពី​សេតវិមាន​បានអះអាងថា លោក ពូទីន និងលោក ត្រាំ បាននិយាយគ្នា​តាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ។ លោក ពូទីន បានទូរស័ព្ទ​ទៅលោក ត្រាំ ដើម្បីអរគុណ​សម​ភាគីអាមេរិក សម្រាប់ការផ្ដល់​ព័ត៌មាន ដោយទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់ CIA ដែលបានជួយ​អាជ្ញាធររុស្ស៊ី ទប់ស្កាត់ទាន់ពេល​វេលាចំពោះគំរោងវាយប្រហារភេរវកម្ម ទៅលើព្រះវិហារកាតូលិកមួយកន្លែង ក្នុងទីក្រុង St. Petersburg ក៏ដូចជាចាប់​ខ្លួនពួកភេរវករ​ជាច្រើននាក់។

«ទំនាក់ទំនងរវាងមេដឹកនាទាំងពីរ បានបង្ហាញឲ្យឃើញថា ប្រទេសរបស់យើង ត្រូវតែប្ដេជាចិត្ត​ចូលរួមពង្រឹង​សន្តិសុខពិភពលោក ដែលកិច្ច​សហប្រតិបត្តិកការ​របៀបនេះ នឹងផ្ដល់​ផលប្រយោជន៍​ឱ្យប្រជាជនអាមេរិក និងរុស្ស៊ី»។ នេះបើជាការ​លើកឡើងរបស់ លោក Anatoly Antonov។

គួរជម្រាមថា ទំនាក់ទំនង​អាមេរិក និងរុស្ស៊ី បានជួបភាពតានតឹងគ្នា បន្ទាប់ពីអតីត​ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបណ្ដេញមន្រ្តីទូតរុស្ស៊ី​ជាច្រើននាក់ពី​ប្រទេស​ ដោយចោទថាទីក្រុងម៉ូស្គូ បានលូកដៃចូល​ក្នុងកិច្ចការបោះឆ្នោត​អាមេរិក កាលពីឆ្នាំ២០១៦ បើទោះជាវិមាន​ក្រឹមឡាំង​បដិសេធជាច្រើនដង​ក៏ដោយ។ មួយវិញទៀត មកដល់រដ្ឋបាល​លោក ដូណាល់ ត្រាំ ការចោទប្រកាន់​នេះ ក៏កំពុងធ្វើឱ្យទំនាក់ទំនង​រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ល្អកកករខ្លាំង​ផងដែរ៕