(មូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី ​លោក វ្ល៉ាឌីមៀ ពូទីន បានអរគុណ​សមាភាគី​អាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការផ្ដល់​ព័ត៌មាន​ដោយ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ដែលបាន​ជួយអាជ្ញាធររុស្ស៊ី ទប់ស្កាត់​ទាន់ពេលវេលា​ចំពោះ គំរោងវាយប្រហារ​ភេរវកម្ម ទៅលើព្រះវិហារកាតូលិកមួយកន្លែង​ក្នុងទីក្រុង St. Petersburg។ នេះបើ​តាមការ ចេញផ្សាយដោយ សារព័ត៌មាន US TODAY នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

លោក ពូទីន និងលោក ត្រាំ បាននិយាយគ្នា​តាមទូរស័ព្ទ ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។ ថ្លែងនាឱកាស​នោះដែរ លោក ពូទីន បានគូសបញ្ជាក់​ថា បណ្ដាញពួក​ភេរវករបាន រៀបចំផែនការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះគ្រាប់បែក លើវិហារកាតូលិក Kazan Cathedral និងកន្លែងជាច្រើន​ក្នុងទីក្រុង St. Petersburg ប៉ុន្តែដោយសារតែការចែករំលែក ព័ត៌មានពី CIA​ អាជ្ញាធររុស្ស៊ី​បានទប់ស្កាត់គំរោងវាយប្រហារនេះ បានទាន់ពេលវេលា ព្រមទាំងអាច​ចាប់ខ្លួនពួកភេរវករ​ជាច្រើននាក់​ផងដែរ នៅក្នុងប្រតិបត្តិការ​វាយឆ្មក់មួយ កាលពី​ថ្ងៃសុក្រ។

បន្ថែមពីលើនេះ លោក ពូទីន បានប្រាប់លោក ដូណាល់ ត្រាំ ថារុស្ស៊ីនឹង​ចែករំលែក​ព័ត៌មានជាមួយ​ទីក្រុងវ៉ាស៊ីនតោន រាល់ព័ត៌មាន​ទាក់ទិននឹងការ​វាយប្រហារភេរវកម្ម ប្រឆាំងនឹង​សហរដ្ឋអាមេរិក។ នេះជាសញ្ញាថ្មីមួយទៀត ដែលនឹងធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាច​យោធាកំពូលលើលោកទាំងពីរ មានសភាពប្រសើរឡើងវិញ ក្រោយពីការមើលមុខគ្នាលែង​ត្រង់​កាលពីចុងអាណត្តិរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ការិយាល័យសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ក៏បានបង្រ្កាបបណ្ដាញ​ពួកភេរវករមួយក្រុម​ផ្សេងទៀត មានសម្ព័ន្ធភាព​ជាមួយ ISIS​ ផងដែរ ដែលបានរៀបចំ​គំរោងវាយប្រហារ​ភេរវកម្ម នៅអំឡុងពេលចូលឆ្នាំ​សកល​ខាងមុខនេះ៕