(សៀងហៃ)៖​ ទីបំផុតការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទយន្តហោះដឹក​អ្នកដំណើរខ្នាតធំ ផលិតដោយក្រុមហ៊ុនក្នុងស្រុកចិនផ្ទាល់ នៅទីក្រុងសៀងហៃ ត្រូវបានបញ្ចប់​ និងសម្រេចជោគជ័យសម្រាប់មួយគ្រឿងថ្មីទៀត ដែលនេះជាសញ្ញាបញ្ជាក់អំពីសមត្ថភាព និងសុវត្ថិភាព​ជាចម្បង ជូនដល់​អតិថិជនទាំងនៅក្នុងស្រុក និងអន្តរជាតិ។ នេះបើតាម​ការដក​ស្រង់​ការផ្សាយ ពីទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

សម្រាប់យន្តហោះ C919 គ្រឿងទីពីរនេះ ត្រូវបានយកទៅធ្វើតេស្ត​នៅឯអាកាសយានដ្ឋាន​ទីក្រុងសៀងហៃ ភាគខាងកើតប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ហើយ​ទទួលបាន​ជោគជ័យ​បន្ថែមទៀត បន្ទាប់ពីយន្តហោះប្រភេទដដែលខាងលើនេះគ្រឿងទី ១ ត្រូវបានធ្វើ​តេស្តដោយ​ជោគជ័យ​​ លើការហោះ​ហើរទាំងផ្លូវជិត និងផ្លូវឆ្ងាយ​កាលពីប៉ុន្មានខែមុន។

សម្រាប់មួយគ្រឿងដំបូង ដែលសម្រេចការហោះសាកល្បងដែរនោះ គឺត្រូវបាន​ក្រុម​ជំនាញ​ធ្វើតេស្តសាកល្បង ដោយធ្វើការហោះហើរ​ចេញពី អាកាសយានដ្ឋាន​អន្តរជាតិ Pudong នៃទីក្រុងសៀងហៃដដែល និងបាន​ទៅដល់មូលដ្ឋាន​នៃការធ្វើតេស្ត ស្ថិតនៅក្នុងតំបន់ Xi'an Yanliang ស្ថិតនៅក្នុងខេត្តហ្សានស៊ី ដែលជាការធ្វើតេស្តជោគជ័យ នៃការធ្វើ​ដំណើរឆ្ងាយ​បំផុតរបស់ C919 ក្នុងរយៈចម្ងាយ ១,៣០០គីឡូម៉ែត្រ ក្នុងកម្ពស់ ៧,៨គីឡូម៉ែត្រ។

យន្តហោះដឹក​អ្នកដំណើរ C919 ដែលជាស្នាដៃ​ផលិតឡើងដោយផ្ទាល់​របស់ក្រុមហ៊ុន​រដ្ឋឈ្មោះថា សហគ្រាស​ផលិត​យន្ត​ហោះ​​ពាណិជ្ជ​កម្ម​​នៃ​ប្រទេសចិន (COMAC)​ ​នៅទីបំផុត​បានធ្វើដំណើរ​ចាក​ចេញ​ឆ្ពោះ​ទៅ​កាន់​​ផ្ទៃអាកាស នៅ​​ឯ​អាកាស​​យាន​ដ្ឋាន​​អន្តរ​ជាតិ​ Shanghai Pudong នៅតំបន់ឆ្នេរ​ភាគខាងកើតចិន បន្ទាប់ពីបានឆ្លង​កាត់ការធ្វើ​តេស្ត​​គ្រប់​ទម្រង់​ព្រម​ទាំង​ត្រូវ​បាន​ទទួល​ស្គាល់ដោយស្ថាប័ន​​សុវត្ថិភាពផ្លូវអាកាស​អន្តរជាតិនោះ។

គួរបញ្ជាក់ថា ​C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែង​ជាមួយ​យន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែ​ពេញនិយមបំផុតលើលោក នា​ពេលបច្ចុប្បន្ន។ មួយ​​វិញ​ទៀតក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការ​កក់យន្តហោះ​ប្រភេទ C919 នេះចំនួន ៥៧០គ្រឿង​ហើយ​ពី​ក្រុម​ហ៊ុន​ចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោក​ជាង​ប្រភេទ​ដូច​គ្នា​របស់​ក្រុម​​ហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ។ សម្រាប់ក្រុមហ៊ុន​ដែលយក C919 មកបម្រើ​អតិថិជន​ដំបូងវិញនោះគឺ អាកាសចរណ៍​ភាគខាងកើតចិន China Easter Airlines៕