(អាហ្សង់ទីន)៖ រដ្ឋាភិបាលអាហ្សង់ទីន បានសម្រេចចិត្តបណ្ដេញប្រមុខកងនាវា លោក Marcelo Eduardo Hipólito Srur ចេញពីតំណែង មួយខែបន្ទាប់ពី មានសោកនាដកម្មបាត់នាវាមុជទឹកមួយគ្រឿងដឹកមនុស្ស៤៤នាក់ នៅឯតំបន់មហាសមុទ្រអាត្លង់ទិចភាគខាងត្បូងយ៉ាងអាថ៌កំបាំង។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមអ្នកនាំពាក្យដដែល លោករដ្ឋមន្ត្រីការពារជាតិអាហ្សង់ទីនបានសម្រេចឱ្យ លោក Marcelo Srur ចូលនិវត្តន៍កាលពីយប់ថ្ងៃសុក្រ។ «វាគឺជាការសម្រេចចិត្តដក រូបគាត់ (Marcelo Srur) ពីតំណែង»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល។ នាវាមុជទឹក ARA San Juan ដឹកមនុស្ស៤៤នាក់ បានបាត់ខ្លួនដោយ អាថ៌កំបាំង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយមានសេចក្ដីរាយការណ៍ថានាវាមុជទឹកនេះ មានបញ្ហាបច្ចេកទេសនៅឯឈូងសមុទ្រ Patagonia។ ចំណែកឯ ក្រុមអ្នកជួយ សង្រ្គោះអន្តរជាតិបានបរាជ័យក្នុងការកំណត់ទីតាំងដែលនាវាមុជទឹកនេះស្ថិតនៅ។ តែទោះជាបែបនេះក្ដី កងនាវាអាហ្សង់ទីន នៅតែបន្តការស្វែងរករបស់ពួកគេ នៅឯតំបន់នាវានេះបាត់ខ្លួន។

គួរបញ្ជាក់ថា ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បានបង្កើតគណៈកម្មាការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតពីការបាត់ខ្លួនរបស់នាវាមុជទឹក ARA San Juan ​បន្ទាប់ពីមានការរិះគន់ជាច្រើន។ គណៈកម្មាការនេះមានអ្នកជំនាញខាងនាវាមុជទឹក០៣នាក់ ក្នុងនោះរួមមានទំាងឪពុកសមាជិកនាវិកម្នាក់ដែលបានបាត់ខ្លួន ផងដែរ៕