(សេអ៊ូល)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននៅក្នុងសប្ដាហ៍នេះ ខណៈប្រទេសទាំងពីរ កំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នឹងធ្វើដំណើរទៅដល់ទីក្រុងតូក្យូ នៅថ្ងៃអង្គារ ទី១៩ ហើយលោកស្រីនឹងត្រូវជួបពិភាក្សា ការងារជាមួយសមភាគីជប៉ុន លោក Taro Kono នាឱកាសបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ នឹងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍រួម ដោយផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគី ជាពិសេសគឺបញ្ហាកូរ៉េខាងជើង ក្នុងនោះរួមមានទាំងកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋកម្មុនីស្ដមួយនេះផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងជប៉ុន កំពុងស្វែងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីទប់ទល់នឹងការកើនឡើងនៃការគំរាមពីសំណាក់មីស៊ីល កូរ៉េខាងជើង។ ក៏ប៉ុន្តែទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ នៅមានបញ្ហាជាច្រើនត្រូវដោះស្រាយគ្នា នោះគឺសំណុំរឿងប្រវត្តិសាស្ត្រស្ត្រីកូរ៉េ ដែលត្រូវកងទ័ពជប៉ុនបង្ខំឱ្យធ្វើជា ទាសករផ្លូវភេទ នៅអំឡុងពេលជប៉ុនដាក់អាណានិគមលើឧបទ្វីកូរ៉េ៕